CamNews

កម្លាំងអាវុធហត្ថយកគ្រឿងញៀន ដាក់ក្នុងហោប៉ៅរបស់យុវជនម្នាក់?

​នៅពេលថ្មីៗនេះ រូបភាពវីដេអូ និងរូបថត ដែលចោទថា កម្លាំងអាវុធហត្ថបានយកគ្រឿងញៀន
ទៅដាក់ក្នុងហោប៉ៅរបស់យុវជនម្នាក់ ក្រោយពីឆែកឆេរមិនឃើញអ្វីនោះ ត្រូវបានបង្ហោះ និង
ផ្សព្វផ្សាយតៗគ្នា តាមបណ្តាញអ៊ីនធឹណែត បានក្លាយទៅជាពត៌មានដ៏ក្តៅគគុកបំផុត។



​ខ្លីប​វីដេអូ​ដែលមាន​រយៈពេល​២​នាទី និង​២៥​វិនាទី​បានបង្ហាញ​ឲ្យ​ឃើញ​ពី​កងរាជអាវុធហត្ថ​​ បាន
​ឈរ​កកកុញ​ ចោមរោម​ឃាត់ខ្លួន​យុវជន​ម្នាក់​ហើយ​ឆែកឆេរ​អស់​រយៈពេល​មួយសន្ទុះ​ ប្រហែល
មិនឃើញ​មានភស្តុតាង​អ្វី​ផ្ទុយ​នឹង​ច្បាប់​នោះទេ​។ បន្ទាប់មក មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​យក
​​វត្ថុ​ម្យ៉ាង​ដែល​គេ​សង្ស័យ​ថា ជា​ថ្នាំញៀន​ ញាត់​ចូលក្នុង​ហោប៉ៅ​ខោ​ក្រោយ​របស់​ជនសង្ស័យ​។



​​​តាម​ប្រភពព័ត៌មានកាសែតដើមអំពិលបានឲ្យដឹងថា យុវជននេះឈ្មោះ  សោម សុម៉ុច អាយុ ២៥ឆ្នាំ
រស់នៅក្នុងប្លុកបុរីកីឡា បានរៀបរាប់រឿងរ៉ាវទាំងនេះ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២នេះថា
តាមពិតទៅកម្លាំងរាជអាវុធហត្ថ ដែលបានឃាត់សួរនាំនោះ គឺមិនបានដាក់គ្រឿងញៀននៅក្នុង
ហោប៉ៅ ដូចដែលការចោទប្រកាន់របស់ក្រុមមនុស្សមួយចំនួនតាមប្រព័ន្ធសង្គម Facebook នោះ
ទេ។ យុវជនរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា តាមពិតមន្ត្រីកងរាជអាវុធហត្ថ​បានដាក់ក្រដាស
សមួយសន្លឹកនៅក្នុងហោប៉ៅក្រោយរបស់ខ្លួន គឺជាក្រដាស់កត់លេខទូរស័ព្ទរបស់ខ្លួន មិនមែនដាក់
គ្រឿងញៀន ដូចអ្វីដែលបានផ្សព្វផ្សាយឡើយ។

ប៉ុន្តែចម្លើយនេះ ហាក់ដូចជាមិនធ្វើឲ្យអ្នកលេងអ៊ីនធឹណែតស្ងប់ចិត្តបានឡើយ ដោយមានការ
សង្ស័យជាច្រើនទៀតកើតឡើង។


គួររំលឹកថា ​ការចុះ​ឃាត់ខ្លួនជនសង្ស័យ​នោះ​ ត្រូវបានធ្វើឡើងនៅក្នុង​ទឹកដី​បូរី​កីឡា​នៃ​ខណ្ឌ​៧​មករា
កាលពី​វេលា​ម៉ោង​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១២ នៅ​ចំណុចផ្លូវ​លេខ
២១១ក្នុង​សង្កាត់វាលវង់ ខណ្ឌ​៧​មករា​។ តាមប្រភពព័ត៌មាន​កម្ពុជាថ្មី បាន​ឲ្យ​ដឹងថា នៅមុនពេល
​កើតហេតុ​នោះ មានការ​ផ្ទុះអាវុធ​មួយ​កើតឡើង​។ ក្រោយពេល​កើ​ត​ហេតុ​ មន្ត្រី​កងរាជអាវុធហត្ថ
​​ប្រចាំការ​​នៅក្បែរនោះ​ ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​រកឃើញ​សំបក​គ្រាប់កាំភ្លើង​ម៉ាក
​k-54​ ចំនួន​១​គ្រាប់​។ ប៉ុន្តែ​មិនបាន​រកឃើញ​ជនសង្ស័យ​ជា​អ្នកបាញ់​នោះទេ​។ ប៉ុន្តែ​​ពេលនោះ​ជន
សង្ស័យ​ដែលមាន​សភាព​ស្រវឹងម្នាក់ ​ត្រូវបាន​ កងរាជអាវុធហត្ថ​ឃាត់ខ្លួន​សួរនាំ​៕

 

 

 ដោយ៖ មិនា


Tags: police pm drug scandal