CamNews

តារា 

តារាសម្ដែង សុខ ដែន ចាប់ដៃ​គូ​ជាមួយ តារា​ចម្រៀង Original Song ចេញ​បទ​​ក្នុង​ឱកាស​​ឆ្នាំ​ថ្មី

ព័ត៌មានកំសាន្ត ៖ 

តារាសម្ដែងល្បីខាងក្បាច់គុណ និងទើបតែអភិវឌ្ឍខ្លួន ក្លាយជាអ្នកដឹកនាំសម្ដែងរឿងវ័យក្មេង លោក សុខ ដែន ថ្មីៗនេះ បានបន្ថែមនូវអាជីពថ្មីមួយទៀត គឺបានចាប់ដៃគូជាមួយនឹងតារាចម្រៀង Original Song លោក ចេន រ៉ូហ្វើ ចេញបទចម្រៀង ដើម្បីអបអរ និងរាំលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាបទចម្រៀងលើកដំបូង របស់ខ្លួន ក្នុងការបញ្ជ្រៀតចូលទៅកាន់ទីផ្សារចម្រៀងបន្ថែមទៀត។

អ្នកដឹកនាំសម្ដែងរឿង និងជាតារាសម្ដែង លោក សុខ ដែន បានថ្លែងឲ្យដឹងថា តាមការពិតលោកបានដឹងពីសមត្ថភាពរបស់ខ្លួនថា មានសំឡេងច្រៀងក្នុងកម្រិតណា ប៉ុន្តែដើម្បីបំពេញសេចក្ដីត្រូវការ ក្នុងទីផ្សារសិល្បៈ ដែលចាំបាច់តម្រូវឲ្យអ្នកសិល្បៈចេះច្រើនជំនាញ ពង្រីកទីផ្សាររបស់ខ្លួន លោកបានចាប់ផ្ដើមថតបទចម្រៀង មានទាំងបទមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍ ដោយបានចាប់ដៃគូជាមួយតារាចម្រៀង Original Song និងក៏មានបទផ្ទាល់ខ្លួននោះដែរ។

លោកបន្តថា ឱកាសនៅក្នុងការជ្រៀតចូលក្នុងទីផ្សារចម្រៀង ហាក់បីដូចជាមានច្រើនសម្រាប់រូបលោក ក្នុងនោះលោកត្រូវបានគេទាក់ទង ឲ្យច្រៀងតាមឆាកតន្រ្តីតូចធំនានា និងតាមរយៈស្ថានីយទូរទស្សន៍ទៀតផង។ ការបង្ហាញវត្តមានជាមួយតារាចម្រៀង Original Song នេះ គឺមានបទជាចង្វាក់ញាក់ មានចំណងជើងថា «រាំ Stye ពស់វែក» ជាសំនៀងរួមគ្នា ,បទ «សុំយកប្រពន្ធធម៌ , ជួបស្នេហ៍ក្នុងក្លឹបរាត្រី» និងកំពុងត្រៀមចេញបទ «មនុស្សអាក្រក់» មួយបទទៀត។

តារាសម្ដែងក្បាច់គុណ សុខ ដែន បានបង្ហាញក្ដីរំពឹងថា បទចម្រៀងរបស់លោកនឹងទទួលបានការគាំទ្រ ពីសំណាក់មហាជន ដូចទៅនឹងអាជីពសម្ដែងរបស់ខ្លួនដែរ ព្រោះផ្អែកទៅលើការបង្ហោះ ក្នុងបណ្ដាញសង្គម និង You Tube គឺមានអ្នកចូលទស្សនាច្រើន និងមានអ្នកចង់ឲ្យលោក ថតបទចម្រៀងឲ្យបានច្រើនទៀងផង។

តើបទចម្រៀងទាំងនោះ មានអត្ថន័យ និងពីរោះយ៉ាងណា សូមស្ដាប់ និងទស្សនាទាំងអស់គ្នា៖

 

 

ប្រភព ៖ ខ្មែរថកឃីង

 


Tags: Sok den