CamNews

តារា 

ផលិតកម្ម រ៉ក់ ថតរឿងថ្មី "ទឹកចិត្តប្រពន្ធ" ចាយ​ទុនជាង ១០ម៉ឺនដុល្លារ ថតដល់​ម៉ាឡេស៊ី

ភ្នំពេញៈ ផលិតកម្មរ៉ក់ (Rock) ជាផលិតកម្ម កំពុងទទួលបានការពេញនិយម ក្នុងការផលិតរឿង ភាគ ដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ និងរឿងខ្នាតធំ បញ្ចាំងតាមរោងភាពយន្ត បានរៀបចំ ពិធីក្រុងពាលី និងបើកសន្នីសិទ បង្ហាញភាពយន្ដថ្មី នៅក្នុងរ៉ក់កាហ្វេ ដែលមានទីតាំង ក្នុងមជ្ឈ- មណ្ឌលកម្សាន្តរ៉ក់ផ្ទាល់ ដោយរឿងថ្មីនេះ មានចំណងជើងថា "ទឹកចិត្តប្រពន្ធ" ជាប្រភេទរឿង មនោ សញ្ចេតនាជ្រាលជ្រៅ មានចំនួន ៥០ភាគ ត្រៀមបញ្ចាំងក្នុងស្ថានីយទូរទស្សន៍ CTN គ្រោងនឹង ចាយដើមទុន ប្រមាណជាង ១០ម៉ឺនដុល្លារ ព្រមទាំងការធ្វើដំណើរ ទៅថតផ្តិតយករូបភាព ដល់ ប្រទេសម៉ាឡេស៊ី ។

ខ្សែភាពយន្ដភាគរឿង "ទឹកចិត្តប្រពន្ធ" ត្រូវបានរៀបចំឡើង យ៉ាងសម្រិតសម្រាំង បំពេញតាម សេចក្ដីត្រូវការ និងទីផ្សារភាពយន្ដក្នុងប្រទេសកម្ពុជា ឆ្លុះបញ្ចាំង ពីតថភាពរស់នៅ របស់សង្គម មនុស្សបច្ចុប្បន្ន និងការតស៊ូក្នុងជីវិតស្នេហា មានទាំងរសជាតិជីវិតឋានៈជាប្រពន្ធចុង កូនចុង កូន ដើម និងមហិច្ឆតាលោភលន់ របស់មនុស្ស និងឈុតឆាកប្លែកៗជាច្រើនទៀត ។

លោក យឹម សុសត្យា ហៅ លីម៉េង ប្រធានគ្រប់គ្រងផលិតកម្ម រ៉ក់ និងជាជំនួយការ លោកឧកញ៉ា គិត ធាង បានថ្លែងឲ្យដឹងថា ផលិតកម្ម រ៉ក់ តែងតែពាំនាំ និងផលិតនូវខ្សែភាពយន្ត មានគុណភាព ខ្ពស់ ជាពិសេស គឺភាពយន្ដខ្មែរ ដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ ព្រមទាំងភាពយន្ដខ្នាតធំ ដូចជា រឿង "ពូជខ្ញុំអ៊ីចឹង, អស់ទាស់ហ្មងទីតា" និងរឿងដែលចាក់បញ្ចាំង កន្លងមកជាច្រើន ឃើញថា ទទួលបានជោគជ័យ និងការគាំទ្រ ។ ស្របពេលជាមួយនឹងការថតរឿង "ទឹកចិត្តប្រពន្ធ" បច្ចុប្បន្ន ផលិតកម្ម រ៉ក់ កំពុងតែ ថតរឿងខ្នាតធំ មួយទៀត ដែលមានជនជាតិអូស្ដ្រាលី ជាអ្នកនិពន្ធ និងដឹក នាំរឿង ដោយថវិកា ដែលត្រូវចំណាយ គឺមិនក្រោមកន្លះ លានដុល្លារនោះទេ ។

លោកបន្ដទៀតថា ដោយឡែករឿង "ទឹកចិត្តប្រពន្ធ" អាចត្រូវចំណាយទុន ប្រមាណជាង១០ ម៉ឺន ដុល្លារ លើការចំណាយគ្រប់បែបយ៉ាង រួមទាំងការទៅថត នៅក្រៅប្រទេសផងដែរ ។ ផលិតកម្មរ៉ក់ គឺជាផលិតកម្មកំពុង តែមមាញឹក ក្នុងការថតខ្សែភាពយន្ដជាច្រើន ហើយក្នុងនាមលោក ឧកញ៉ា គិត ធាង ជាអគ្គនាយក លោកតែងតែផ្ដួចផ្ដើម និងផ្ដល់អនុសាសន៍ល្អៗជាច្រើន ក្នុងន័យលើកស្ទួយ វិស័យ ខ្សែភាពយន្ដខ្មែរ ឲ្យមានភាពរីកចម្រើនឡើង ។ ជាក់ស្ដែងក្នុងថ្ងៃនេះ មានរូបលោក និងអ្នក និពន្ធ តារាសម្ដែងជាច្រើនដួង កំពុងសម្ពោធរឿងថ្មី ត្រៀមទៅថត នៅក្រៅប្រទេស អាចបង្ហាញ ឲ្យឃើញថា ផលិតកម្មរ៉ក់ មិនត្រឹមតែពង្រីកវិសាលភាព ភាពយន្ដរបស់ខ្លួនទេ សូម្បីតែគុណភាព និងទិដ្ឋភាពនៃរឿង ក៏យើងត្រូវយកចិត្តទុកដាក់ ឲ្យបានល្អប្រសើរ ផងដែរ ។

ចំណែក លោក អ៊ិន សុភិន អ្នកនិពន្ធរឿង បានថ្លែងឲ្យដឹងពីដំណើររឿងថា "ទឹកចិត្តប្រពន្ធ" ជាខ្សែ ភាពយន្តបែប មនោសញ្ចេនា កំសត់សោកសង្រែង របស់ភរិយា ជាប្រពន្ធចុង ដែលត្រូវកូនខាងប្តី ព្យាយាមធ្វើបាប ខណៈដែលពួកគេ ជាកូនៗ មានគំនិតថា ឲ្យតែម្តាយចុង សុទ្ធតែជាស្ត្រីមិនល្អ តែង តែធ្វើបាបកូនចុង បើទោះជាម្តាយចុង ខំព្យាយាមធ្វើអំពើល្អ ប្រតិបត្តិអំពើល្អចំពោះស្វាមី ដែលជាឪ ពុក របស់ខ្លួនយ៉ាងណាក្តី។ ប៉ុន្តែបែរជាគេយល់ថា ម្តាយចុងនោះ កំពុងបញ្ចេញឫកពារ មាយាទ ផ្គាប់ចិត្តប្តី ឲ្យខឹងកូនប៉ុណ្ណោះ។

លោកបន្តថា ទោះជាយ៉ាងណាក្តី ខ្សែភាពយន្តរឿង "ទឹកចិត្តប្រពន្ធ" នេះបានឆ្លុះបញ្ចំាង ពីមាតាចុង ឬ ហៅថា ភរិយាក្រោយ ចំនួន៣រូប ដែលមានពីររូប ជាប្រពន្ធចុងចិត្តធម៌ ខំប្រព្រឹត្តិខ្លួន ជាមាតាគំរូ ឬជាម្លប់ដ៏ត្រជាក់ ដល់កូនៗ ខណៈមាតាជាប្រពន្ធចុងមួយរូបទៀត តែងតែធ្វើខ្លួន មិនសមរម្យ និង ជាមនុស្សលោភលន់ ចង់បានតែទ្រព្យសម្បត្តិខាងប្តី ដើម្បីសោយសុខប៉ុណ្ណោះ។

សូមបញ្ជាក់ថា ភាពយន្តភាគរឿង "ទឹកចិត្តប្រពន្ធ" ចូលរូមសម្ដែង ដោយតារាល្បីៗជាច្រើនដួង រួមមានលោក អូន ឧស្សាហ៍ កញ្ញា ភិន សុដាលីស លោក ហង្ស សំបើមស័ក្តិ កញ្ញា ជុំ រចនាពេជ្រ លោក ប្រាក់ ផាកន កញ្ញា ម៉ិច ម៉ារីកា កញ្ញា ឆាយ ស្រីពេជ្រ លោក ហម ឈរ៉ា កញ្ញា ខុន សម្ផស្ស លោក ជា សំណាង កញ្ញា សឿន ផានផាភួង អ្នកនាង ប៉ែន សុផានី លោក លឹម រដ្ឋា លោក សាយ សៀរ៉ា កញ្ញា ចន្ធី វលក្ខណ៍ និងតារាល្បីៗជាច្រើនដួងទៀត ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actor actress movie khmer star rock tek jet propun