កំពង់ចាមៈ សពបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញ ផុសនៅក្បែរសសរ
ស្ពាន គីហ្សូណា ខេត្ត កំពង់ចាម កាលពីម៉ោង ១០ និង ៤០នាទី ថ្ងៃទី២៥ ខែមីនា
ឆ្នាំ២០១៣ ដែលសពបុរសនោះ គេបានដឹងថា បានលោតទឹក ពីលើស្ពានគីហ្សូណា
កាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ ថ្ងៃទី២៣ ខែមីនា ដោយ មូលហេតុមាន
វិបត្តិក្នុងគ្រូសារ។
តាមលោក គឹម វុទ្ធី ប្រធានគរបាល ប៉ុស្តិ៍គោលដៅស្ពានគីហ្សូណា បានប្រាប់ឲ្យដឹង
ថា សពជនរងគ្រោះ មានឈ្មោះ គី លីន ភេទប្រុស អាយុ ៣២ ឆ្នាំ មានភរិយា និង
មានកូន ពីរនាក់ ហើយមានទីលំនៅ ភូមិ២៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
រាជធានីភ្នំពេញ ។
លោកប្រធានប៉ុស្តិ៍ បានឲ្យដឹងទៀតថា បើតាមការឲ្យដឹង ពីឈ្មោះ ហុងរ៉ា ភេទប្រុស
អាយុ២២ ឆ្នាំ ត្រូវ ជាក្មួយរបស់ជនរងគ្រោះថា មុនពេលកើតហេតុ ជនរងគ្រោះ បាន
មកលេងផ្ទះម្តាយក្មេក នៅភូមិចុងថ្នល់ ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម លុះនៅ
យប់ថ្ងៃទី២៣ ខែមីនានោះ បុរសឈ្មោះ គី លីន (ជនរងគ្រោះ) បានប្រើឲ្យក្មួយ ម្នាក់
នោះ ឌុបមកអង្គុយលេងលើស្ពានគីហ្សូណា ហើយនៅពេលក្មួយឌុប មកដល់លើ
ស្ពាន ជនរងគ្រោះបានចុះពីលើម៉ូតូ ដើរនិយាយទូរស័ព្ទ បានបន្តិចក្រោយមក ស្រាប់
តែបុរសរងគ្រោះ បានទុកទូរស័ព្ទចោលលើស្ពាន ហើយក៏លោតចូលក្នុងទឹកទន្លេ
តែម្តង។
លោកមេប៉ុស្តិ៍ បានឲ្យដឹងទៀតថា ឆ្លងតាមការសាកសួរ សាច់ញាតិជនរងគ្រោះថា
ការលោតទឹកសម្លាប់ ខ្លួននោះ គឺបណ្តាលមកពីជនរគ្រោះ មានវិបត្តិក្នុងគ្រួសារ ។
ប្រភពដដែល បានឲ្យដឹងទៀតថា ជនរង គ្រោះ ក្រោយពី បានលោតទឹកអស់រយៈ
ពេល ២ថ្ងៃ សពត្រូវបានប្រជានេសាទ ប្រទះឃើញផុសនៅក្បែរ សសរស្ពាន ហើយ
បច្ចុប្បន្ន សមត្ថកិច្ច បានជួយអន្តរាគមន៍ អូសសពនោះ មកទុកនៅមុខវត្តដីដុះ ដើម្បី
ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល