CamNews

ផ្ដាច់ចំណងស្នេហា ត្រូវសង្សារចាស់បាញ់ប្រហារបីគ្រាប់

ឈានជើងចេញពីបន្ទប់ទឹក នារីវ័យ ១៨ឆ្នាំម្នាក់ ស្រាប់តែបានឃើញសង្សារចាស់របស់ខ្លួន
ភ្ជង់កាំភ្លើងមកលើដើមទ្រូង ភ្លាមនោះនាងក៏បានដួលទៅលើដី ក្រោយពីស្នូរកាំភ្លើង ៣គ្រាប់
បានផ្ទុះឡើង។


នារីដែលត្រូវបានបាញ់ ៣គ្រាប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

យោងតាមគ្រួសារនារីរងគ្រោះ យប់ថ្ងៃទី ២៧ កុម្ភៈ ខណៈពេលកំពុងនៅជាមួយពុកម្ដាយនៅ
ឯខេត្ត Bac Ninh ស្រាប់តែមានបុរសម្នាក់​កាន់កាំភ្លើងសម្រុកចូលក្នុងផ្ទះ ឃើញដូច្នេះ ពុក
របស់នារីរងគ្រោះក៏បានរត់គេចខ្លួនទៅខាងក្រៅផ្ទះ ចំណែកកូនស្រីដែលទើបចេញពីបន្ទប់
ទឹកក៏ត្រូវជនល្មើសភ្ជង់កាំភ្លើងមកលើដើមទ្រូង។

ក្នុងពេលនារីនេះកំពុងភ័យ ស្នូរគ្រាប់កាំភ្លើងទីមួយ "ផាំង!" ហើរផុតស្មាររបស់នាង។ "ផ្ទាំង!"
គ្រាប់ទីពីរ ត្រូវចាំដៃ រីឯគ្រាប់ទីបីត្រូវចាំដើមទ្រូង បណ្ដាលអោយនាងត្រូវដួលដេកក្នុងថ្លុក
ឈាម។ បន្ទាប់ពីបានបាញ់ ជនល្មើសក៏បានរត់គេចខ្លួន។

ក្រោយពីហេតុការណ៍បានកើតឡើង ពុកម្ដាយរបស់នារីរងគ្រោះក៏បានប្រញាប់នាំកូនស្រីទៅ
កាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់(ថ្ងៃទី ២៧ កុម្ភៈ)។ គ្រូពេទ្យនៅមន្ទីរពេទ្យ Viet Duc បានជួយ
សង្គ្រោះនាងអោយរួចផុតពីការស្លាប់ និងបានយកក្បាលគ្រាប់មួយចេញពីកំភួនដៃរបស់
នាង។

គ្រាប់ទីបីកំពុងនៅជាប់ជ្រៅខាងក្នុងដើមទ្រូងរបស់នារីរងគ្រោះ ដែលគ្រាប់នេះអាចនឹងត្រូវ
វះកាត់យកចេញក្នុងពេលខាងមុខ។

បច្ចុប្បន្ន សុខភាពរបស់នារីរងគ្រោះមានសញ្ញាល្អជាងមុន ប៉ុន្ដែនៅពេលនាងដឹងខ្លួន នាង
មានសភាពភ័យខ្លាច និងស្រែកយំយ៉ាងខ្លាំង។

តាមព័ត៌មានដំបូងបានអោយដឹងថា ជនល្មើសដែលបានបង្កហេតុការណ៍នេះ គឺជាសង្សារ
ចាស់របស់នារីរងគ្រោះ។

បច្ចុប្បន្ន មូលហេតុនៃអំពើឃាតកម្មនេះ កំពុងត្រូវបាននគរបាលនៃខេត្ត Bac Ninh ប្រទេស
វៀតណាមធ្វើការស្រាវជ្រាវ ប៉ុន្ដែ គេបានដឹងថា កាលពីមុន នារីរងគ្រោះនេះបានប្រកាសផ្ដាច់
ទំនាក់ទំនងជាមួយជនល្មើស ហើយនាងក៏មានសង្សារថ្មី នេះក៏អាចជាមូលហេតុមួយដែល
នាំអោយជនល្មើសសម្រេចចិត្តប្រហារនាង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing