ភ្នំពេញ៖ បន្ទាប់ពីខិតខំបិទបាំង យ៉ាងជិតឈឹង អស់ជាច្រើនខែកន្លងមក ពេលនេះតារាសម្តែង ពេជ្រ ថាវរ៉ា ទើបតែទម្លាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នាងបានភ្ជាប់ពាក្យ ជាមួយ បុរសជនជាតិអាមេរិក ជាច្រើនខែមកហើយ។ តែនាងមិនបានប្រាប់ឲ្យ ខាងបណ្តាញសារព័ត៌មាន ក្នុងស្រុកណាមួយបានដឹងឡើយ ។ មូលហេតុ ដែលនាំឲ្យតារាម៉ូដែលរូបនេះ ហ៊ានបង្ហើបប្រាប់ ដោយត្រង់ៗ គឺបន្ទាប់ពីមហាជន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក មួយ ចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានបង្ហោះរូបភាព មួយសន្លឹកតែងជាកូនក្រមុំ រៀប មង្គលការ នៅក្នុង Account Facebook របស់នាង ។
មិនតែប៉ុណ្ណោះ មិត្តភក្តិនៅក្នុងហ្វេសប៊ុក ក៏បាន Comment ចោទសួរនាង ជាច្រើនសំណួរ ពាក់ព័ន្ធ នឹងរឿងស្លៀកពាក់បែបនេះទៀតផង។ កញ្ញា ពេជ្រ ថាវរ៉ា ក៏បាន Comment តបទៅវិញថា នាង បានរៀបការរួចហើយ តាំងពីឆ្នាំ២០១៣មកម៉្លេះ ។ តាមរយៈការ Comment បែបនេះ កញ្ញា ពេជ្រ ថាវរ៉ា បានធ្វើឲ្យមហាជន និងអ្នកនៅក្នុងសិល្បៈ ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួន មានភាព ភ្ញាក់ផ្អើល បន្ទាប់ពីនាងបង្ហោះ និងសរសេរ ថាខ្លួនរៀបការរួច ។
ឆ្លើយតប ជាមួយគេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ស្រី ស្រស់ ពេជ្រ ថាវរ៉ា បាននិយាយលាយឡំនឹងសំណើចថា “ចា៎...បង តាមពិតទៅរូបហ្នឹង មិនមែន ជារូបរៀបការទេ គឺរូបភ្ជាប់ពាក្យ របស់ខ្ញុំ ។ ខ្ញុំបានភ្ជាប់ពាក្យតាំងពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៣ ម៉្លេះ ។ តែខ្ញុំខំលាក់មិនចង់ឲ្យបងៗ អ្នកកាសែតដឹងទេ ទើបយប់មិញនេះខ្ញុំច្រឡំបង្ហោះរូបហ្នឹងទៅ ទើបបែកការ បែបនេះទៅ.. ”។
កញ្ញា ពេជ្រ ថាវរ៉ា បានបន្តថា “គូដណ្តឹងរបស់ខ្ញុំ គាត់នៅសហរដ្ឋអាមេរិក មិនមែនជាខ្មែរទេ។ ខ្ញុំគ្រាន់តែភ្ជាប់ពាក្យប៉ុណ្ណោះ ខ្ញុំមិនទាន់មានគម្រោងរៀបការទេ ទាល់តែយើង បានចេញទៅ ស្រុកគេសិន ទើបយើងគិត ថាត្រូវរៀបការនៅទីនោះ ឬក៏ត្រឡប់មករៀបការនៅស្រុកខ្មែរវិញ ។ តែសំខាន់ឥឡូវហ្នឹង គឺត្រូវរៀបចំឯកសារ និងសម្ភាសន៍ឲ្យជាប់សិន..!“ ។
ជុំវិញនឹងការងារសិល្បៈវិញ តារាសម្តែងសម្បូរមន្តស្នេហ៍ ពេជ្រ ថាវរ៉ា បានបញ្ជាក់ប្រាប់ថា នាង មានការមមាញឹក ច្រើនគួរសម ជាមួយការងារសិល្បៈ និងកំពុងជាប់កិច្ចសន្យា ជាមួយស្រាបៀរ ABC រហូតដល់ខែ មិនា ទើបចប់កិច្ចសន្យា ។ មិនតែប៉ុណ្ណោះក៏មានបណ្តាស្ថានីយទូរទស្សន៍ មួយចំនួនមកទាក់ទង ឲ្យនាងសម្តែងខ្សែភាពយន្ត តែនាងមិនទាន់ទទួលយក ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល