កូរ៉េ៖ តារាសម្តែង រូបសង្ហា Kim Soo Hyun ដែលកំពុងទទួលចំណាប់អារម្មណ៍ ក្នុងវិស័យភាពយន្តកូរ៉េ ថ្មីៗនេះ បាននិយាយថា ខ្លួនចង់សម្តែង ជាមួយតារាអាមេរិក ដ៏ល្បីល្បាញ Gwyneth Paltrow ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅ ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥នេះថា តារាសម្តែងវ័យ២៧ឆ្នាំ Kim Soo Hyun ក្នុងពេលចូលរួមកម្មវិធី KCON នៅសហរដ្ឋអាមេរិក ជាមួយតារាកូរ៉េល្បី ជាច្រើនទៀតនោះ បាននិយាយប្រាប់ទស្សនាវដ្តី អាមេរិក People Magazine ថា «កម្រណាស់ដែលខ្ញុំមានឱកាស ជួបជាមួយប្រិយមិត្តអាមេរិក ហើយខ្ញុំរីករាយដែលបានជួបពួកគេ នៅកម្មវិធី KCON 2015 នេះហើយខ្ញុំចង់ធ្វើរឿងមួយ ដែលធ្វើឲ្យពួកគេចងចាំខ្ញុំ»។
នៅពេលសួរថា បើមានឱកាសតើ Kim Soo Hyun ចង់សម្តែង ជាមួយតារាអាមេរិករូបណា ? ភ្លាមៗនោះ តារាភ្នែកតូចរូបនេះ បានឆ្លើយថា «ខ្ញុំចង់សម្តែង ជាមួយ Gwyneth Paltrowជាយូណាស់មកហើយ ព្រោះនាងមានជំនាញ និងទាក់ទាញណាស់»។
បើទោះបីជា ទទួលជោគជ័យ ក្នុងវិស័យភាពយន្តកូរ៉េរួចហើយ ក៏ពិតមែន តែតារាសម្តែងរូបនេះ បាននិយាយថា ពេលទំនេរខ្លួនចូលចិត្ត ហ្វឹកហាត់សម្តែង ព្រោះស្រឡាញ់ការងារនេះណាស់ ហើយក៏ចង់បង្កើន សមត្ថភាព ឲ្យកាន់តែខ្លាំងផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល