CamNews

តារា 

ពេជ្រ សោភា បញ្ចេញ​ក្បាច់​រាំ​សាហាវៗ ពេល​ប៉ះ​ជាមួយ ទេព បូព្រឹក្ស ជា​គូបដិបក្ខ​ចាស់

(ភ្នំពេញ)៖ តារាចម្រៀង​ដ៏ល្បីល្បាញអ្នកនាង ពេជ្រ សោភា បានចេញអាល់ប៊ុមថ្មី​ ជាមួយលោក ងួន ចាន់ដេវីដ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ​ដោយបទចម្រៀង ដ៏មានប្រជាប្រិយភាពជាច្រើន បានរួមបញ្ចូលគ្នាក្នុងអាល់ប៊ុម​ ។ តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេមើលឃើញថា ហាក់ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងអាជីពចម្រៀងរបស់នាង ក្រោយពេល​ងាកមកនិពន្ធបទ ចម្រៀងថ្មីៗមិនចំឡងពីបរទេស ហើយកាន់តែពិសេសជាង អ្នកចម្រៀងដទៃ គឺនាង និពន្ធខ្លួនឯង ដោយមានខ្នងបង្អែកចាំនិពន្ធភ្លេងឲ្យ គឺលោកដេវីដ ផ្ទាល់តែម្ដង ។

ថ្មីៗនេះ តារាចម្រៀងមិនសម្រេចចិត្តចាកចេញ ពីហង្សមាសវិញ នាង ពេជ្រ សោភា បានបញ្ចេញក្បាច់រាំ យ៉ាងកក្រើកញាក់សាច់ បែបសាហាវៗ ពេលប៉ះជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ដែលជាគូបដិបក្ខចាស់របស់នាង ។

ដោយសារតែបទចម្រៀងនិពន្ធថ្មី របស់ ពេជ្រ សោភា ហាកត្រូវប៉ាន់ នាងមិនសូវផ្តោតលើក្បាច់រាំប៉ុន្មានទេ ក្នុងមួយរយៈមុន ព្រោះបទចម្រៀង​សុទ្ធតែផ្ទុះស្រាប់ទៅហើយ។ ​កាន់តែប្លែកមួយរយៈចុងក្រោយនេះ ពេជ្រ សោភា ហាក់បង្កើនក្បាច់រាំឡើងវិញទ្វេដង ដោយនាងចូលចិត្តបង្ហាញ ក្បាច់រាំពន់ពែនអេនអន ដោយលាយបញ្ចូលគ្នានឹងក្បាច់យោហ្គា និងក្បាច់រាំញ័រញាក់ជាច្រើនទៀត ។

ភាពសាហាវៗ នៃក្បាច់រាំ របស់ ពេជ្រ សោភា កើតឡើងស្របពេលដែល តារាចម្រៀង វ័យក្មេងធ្មេញជំពើស ទេព បូព្រឹក្ស វិលចូលសិល្បៈវិញ និងឡើងឆាកញឹកញាប់ ព្រោះ ទេព បូព្រឹក្ស បានបាត់មុខ​មួយរយៈធំ នឹងផ្អាកឡើងសម្ដែង តាមកញ្ចក់ទូរទស្សន៍វិញ អំឡុងពេលបែកធ្លាយរូបអាក្រាត​។ ប៉ុន្តែ ទេព បូព្រឹក្ស បានចេញមុខអះអាងថា ជារូបភាពកាត់ត ហើយតាំង​ពី​ពេលនោះមក នាងក៏លែងបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍តែម្ដង។ តែអ្វីដែលគួរកត់សំគាល់បំផុត ពេលគ្មានវត្តមាន ទេព បូព្រឹក្ស គេឃើញ ពេជ្រ សោភា ក៏មិនសូវបង្ហាញក្បាច់រាំ សាហាវៗច្រើនដែរ គឺរាំធម្មតាៗ ប៉ុណ្ណោះ ។

ទស្សនិកជនជាច្រើន និយាយថា ឲ្យតែតារាចម្រៀងទាំងពីរដួងនេះ ប៉ះគ្នាក្នុងឆាកតែមួយម្ដងៗ ក្បាច់រាំសាហាវៗ ហែកជើង ហែកដៃ បែបណាក៏មានដែរ ហាក់ដូចជាធ្វើឲ្យ គេដឹងថា អ្នកទាំងពីរ មិនព្រមចុះចាញ់គ្នាឡើយ ។ ពិសេសការតុបតែងខ្លួនទៀតសោត គឺ​សុទ្ធតែស្រស់ស្អាត និងសិចចស៊ីដូចគ្នា ។

ទស្សនិកជន និងអ្នកគាំទ្រជាច្រើន សំណូមពរឲ្យ​តារាចម្រៀងទាំងពីរ មានបទចម្រៀងរួមគ្នា ហើយរាំជាមួយគ្នាដោយដឹងស​ខ្មៅម្ដង ព្រោះអ្នកទាំងពីរត្រូវបាន គេសរសើរថា ពូកែខាងក្បាច់រាំរែក កន្ធែកជើងដូចគ្នា ។ តែទស្សនិកជាច្រើន ប្រហែលជាគ្មានថ្ងៃបានឃើញការសម្ដែងរួមគ្នារបស់ពួកគេនោះទេ ព្រោះតារាចម្រៀងទាំងពីរនេះ ប្រៀបបីដូចទឹក និងប្រេង៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pich sophea Star news local news