(ពោធិ៍សាត់)៖ ក្រោយពីមានករណីភ្លើងឆេះឈើ និងឆេះរថយន្តអស់ចំនួន២៧គ្រឿង នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅស្រុកភ្នំក្រវាញរួចមក ស្រាប់តែមានប្រភពព័ត៌មានពីក្រុមមន្រ្តីតូចតាច បានលួចបង្ហើបថារូបភាពទាំងនេះ បានកើតឡើងអាចផ្តើមចេញ ពីមន្រ្តីរដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងនៅទីស្នាក់ការមួយនេះ និងមន្រ្តីពាក់ព័ន្ធមួយចំនួន បានលួចឈើល្មើស និងដោះគ្រឿងរថយន្ត បទល្មើសដែលបង្ក្រាបបានយកទៅលក់បាត់។
ប្រភពព័ត៌មានបានបន្តថា ក្រោយពីពួកគេបានលួចឈើ និងសីុគ្រឿងបន្លាស់រថយន្ត យកទៅលក់រួចមក ទំនងចង់វ័ន្តកខ្លួនឯង ទើបបានជាបង្កើតឲ្យមានករណីអគ្គិភ័យនេះកើតឡើងតែ ហើយនៅថ្ងៃម្សិលមិញនេះ ប្រធានផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ មិនបាននៅកន្លែងនោះទេ ពោលបានទៅចូលរួមការកូនមន្រ្តីជលផល នៅឯខេត្តកំពង់ឆ្នាំង។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ នៅកន្លែងឆេះឈើ និងរថយន្តទាំងនេះ ដើម្បីរកមូលហេតុពិតប្រាកដ។
យ៉ាងណាក៏ដោយចំពោះការលើកឡើងបែបនេះ អង្គភាព Fresh News មិនទាន់អាចស្វែងរកការសុំបំភ្លឺ ពីប្រធានផ្នែករដ្ឋបាលព្រៃឈើក្រវាញ នៅឡើយទេ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៤៖២០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ មានករណីភ្លើងឆេះព្រៃ ស្រាប់តែរីករាលដាលឆេះរថយន្តបទល្មើសព្រៃឈើ អស់ចំនួន២៧គ្រឿង ស្ថិតនៅផ្នែករដ្ឋបាលព្រៃឈេីក្រវាញ ស្ថិតនៅក្នុងភូមិព្រែក១ ឃំុសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ដែលរថយន្តទាំងនេះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើបង្ក្រាប និងដកហូតបានកាលពីពេលកន្លងទៅ។
មន្រ្តីសាលាស្រុកភ្នំក្រវាញ បានបន្តទៀតថា «ពិតជា មានករណីភ្លេីងឆេះបណ្តាលឲ្យឆេះរថយន្ត ចំនួន២៧គ្រឿងមែន និងឈេីមួយចំនួន មូលហេតុដោយសារភ្លើងឆេះព្រៃ ឆ្លងតាមប្រហោងសត្វកាយនៅជ្រុងខាងលិច»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី