ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីជើងចាស់ ៣ ដួង ដែលត្រូវបានគេដឹងថា ជាអ្នកដែលប្រលូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរលង់ណាស់មកហើយ ។ ទោះបីជាតារាចម្រៀងទាំងអស់នេះ មានវ័យជ្រេបន្តិចមែន ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងទេពកោសល្យ គ្រប់គ្រាន់ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីក្រុមអ្នកគាំទ្រ មិនអាចសាបសូន្យឡើយ ។
នៅក្នុងចំណោមតារាស្រីទាំង ៣ នាក់នោះគឺមានដូចជា មាស សុខសោភា, ពេជ្រ សោភា និង សុគន្ធ នីសា ដែលនៅក្នុងនេះត្រូវបានគេដឹងថា ម្ចាស់បទ "អារម្មណ៍ចាប់ផ្ដើមស្អប់មនុស្សប្រុស" គឺតារាស្រី សុគន្ធ នីសា និងម្ចាស់បទ "ផឹកលួងខ្លួនឯង" អ្នកនាង ពេជ្រ សោភា គឺតារាចម្រៀងទាំង ២ នាក់នេះ គឺជាអ្នកដែលជ្រកក្នុងផលិតកម្ម ហង្ស មាស ជាមួយគ្នា ។
រីឯ មាស សុខសោភា គឺជាតារាស្រីដែលជ្រកក្នុងផលិតកម្មផ្សេងពីគេ ប៉ុន្តែអ្នកទាំង ៣ ហាក់បីដូចជាមានភាពស្និទ្ធិស្នាលនឹងគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់បង្ហោះរូបជាលក្ខណៈតែងខ្លួនដូចជា អ្នកដែលមានវ័យជំទង់យ៉ាងចឹង ដោយសារតែមូលហេតុនេះទើបធ្វើឲ្យ Fan ជាច្រើនសង្ស័យថា តើតារាស្រី មាស សុខសោភា ពិតជាត្រៀមខ្លួនចូលក្នុងផលិតកម្ម ហង្ស មាស?
ប៉ុន្តែមិនថ្វីទេព្រោះមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ហើយជាពិសេសនោះគឺ តារាស្រី មាស សុខសោភា មិនទាន់បានចេញមុខមកបកស្រាយដោយផ្ទាល់អំពីបញ្ហានេះ នៅឡើយទេ ។ ប្រសិនបើមានព័ត៌មានច្បាស់លាស់ណាមួយ ក្រុមការងារ Camnews នឹងធ្វើការចុះផ្សាយឲ្យទស្សនិកជនបានដឹង ៕
ដោយ ៖ គន្ធា