(ក្រុងកៀវ)៖ អតីតកីឡាករខ្សែប្រយុទ្ធពិភពលោក Andriy Shevchenko ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រទេសអ៊ុយក្រែន សម្រេចតែងតាំងជាគ្រូបង្វឹកបង្គោលដឹកនាំជម្រើសជាតិចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះតទៅ បន្ទាប់ពីបុរសវ័យ៣៩ឆ្នាំរូបនេះ បានចូលនិវត្តន៍ពីកីឡាករអាជីពក្នុងឆ្នាំ២០១២មក ជំនួសកៅអីគ្រូបង្វឹក Mykhaylo Formenko ដែលត្រូវបានបញ្ចប់តួនាទី ក្រោយជ្រុះចេញពី Euro 2016 នៅបារាំងពីក្នុងពូល។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា អតីតកីឡាករខ្សែប្រយុទ្ធក្លឹបអាជីព AC Milan របស់អ៊ីតាលី និងក្លឹបតោខៀវ Chelsea របស់អង់គ្លេសខាងលើនេះ ពុំធ្លាប់មានបទពិសោធន៍ជាគ្រូបង្វឹកម្តងណាទេពីមុនមក ជាមួយនឹងការធ្លាប់ចូល លេងឲ្យក្រុមជម្រើសជាតិអ៊ុយក្រែនបាន ១១១ប្រកួត និងស៊ុតបញ្ចូលទីបាន ៤៨គ្រាប់ មុនការសម្រេចចូលនិវត្តន៍ជាផ្លូវការនៅក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro 2012 ដែលអ៊ុយក្រែន និងប៉ូឡូញបានធ្វើម្ចាស់ផ្ទះរួម។
ក្នុងការឡើងតំណែងជាគ្រូបង្គោលនេះដែរ អតីតកីឡាករខ្សែការពារអ៊ីតាលី Mauro Tassotti ក៏ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹក Shevchenko ដើម្បីដឹកនាំអ៊ុយក្រែន លេងក្នុងវគ្គជម្រុះនៃ World Cup 2018 នៅរុស្ស៊ីនាពេល ខាងមុខ ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០១៦ តទៅហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង