ការរីករាលដាលនៃវីរុសខូរ៉ូណា បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសបារាំង ធ្លាក់ចុះយ៉ាងគំហុក នៅពាក់កណ្ដាលឆ្នាំដំបូង ២០២០ នេះ ប៉ុន្ដែប្រទេសនេះ ត្រៀមនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញយ៉ាងឆាប់រហ័ស ។ នេះបើយោងតាមការឱ្យដឹងរបស់ទីភ្នាក់ងារស្ថិតិជាតិរបស់បារាំង ។
វិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាពីសេដ្ឋកិច្ចបារាំង បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងធ្លាក់ចុះត្រឹម ៩ % នៅឆ្នាំនេះ ។ ខណៈដែលការប៉ាន់ប្រមាណនេះ នៅតែបង្ហាញអំពីការធ្លាក់ចុះជាបណ្ដោះអាសន្នក្ដី ក៏វានៅតែមិនអាក្រក់ដុនដាបដូចការព្យាករណ៍អំពីការធ្លាក់ចុះរហូតដល់ ១១ % នៅក្នុងគម្រោងថវិកា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ដែលត្រូវបានពិនិត្យឡើងវិញដែរ ។
នាពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានព្យាករណ៍ថា ក្នុងចំណោមសេដ្ឋកិច្ចតំបន់អឺរ៉ុប បារាំង អ៊ីតាលី និងអេស្ប៉ាញ គួរតែព្យាយមខ្លាំងបំផុត ក្នុងការទប់ស្កាត់ការងើបឡើងវិញនៃជំងឺខូវីត១៩ ។
ប្រទេសបារាំង បានរាយការណ៍ ករណីឆ្លងវីរុសខូរ៉ូណាជាង ២០៦,០០០ ករណី ដោយមានអ្នកស្លាប់ ពាក់ព័ន្ធនឹងជំងឺខូវីដ ១៩ នេះ មានចំនួន ២៩,៩៣៦ នាក់ ។ នេះបើយោងតាមការឱ្យដឹងរបស់សាកលវិទ្យាល័យ Johns Hopkins ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC