CamNews

កំសាន្ត 

ទី រ៉ាណូ តារាខ្មែរ​ធ្លាប់​មាន ឱកាស​ថត​ដាក់​ទស្សនាវដ្ដី សាំងហ្គាពួរ

ភ្នំពេញ៖ លោក ទី រ៉ាណូ ជាតារាសម្តែងប្រុសរាងខ្ពស់ស្រឡះ កំពុងលេចពន្លឺក្នុងវិស័យសិល្បៈ ខណៈកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព កំពុងតែមានការលេចធ្លោសន្សឹមៗ តាមរយៈការសម្តែង កាយវិកាខារ៉ាអូខេ និង ថតស្បតពាណិជ្ជកម្ម។ តារាសម្តែងប្រុស កំពុងតែរះពន្លឺនៅលើវិថីសិល្បៈ លោក ទី រ៉ាណូ បន្ទាប់ពីឈានជើងចូលក្រឡូកនៅក្នុងសិល្បៈ អស់រយៈពេលជាង ១ ឆ្នាំកន្លងមកនេះ នឹងវិវឌ្ឍខ្លួនឲ្យ ក្លាយទៅជាតាសម្តែង មានឈ្មោះល្បីបោះសំឡេង ដូចតារាប្រុស- ស្រីផ្សេងទៀត។

ជួបសំណេះសំណាល ជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY ដោយផ្ទាល់កាលពីពេលថ្មីៗ នេះ តារាសម្តែ ងប្រុសវ័យ២៤ ឆ្នាំ លោក ទី រ៉ាណូ បាននិយាយលាតត្រដាង អំពីខ្សែជីវិតក្នុងការងារសិល្បៈ របស់ខ្លួន ប្រាប់ឲ្យដឹងថា លោកបានចូលប្រឡូក ក្នុងវិថីសិល្បៈ កាលពីអំឡុង ចុងឆ្នាំ២០១២ តាមរយៈ ការសម្តែង កាយវិកាខារ៉ាអូខេ និង ថតម៉ូដសម្លៀកបំពាក់ ដាក់គម្របទស្សនាវដ្ដីក្នុងស្រុក និងបរទេស។

លោក ទី រ៉ាណូ បាននិយាយបន្តថា បន្ទាប់ពីថតឲ្យទស្សនាវដ្ដីក្នុងស្រុក (ថតម៉ូដសម្លៀកបំពាក់) លោក មានឱកាសចេញទៅថតឲ្យទស្សនាវដ្ដី នៅសាំងហ្គាពួរ ។ ក្រោយមកទៀត ក៏បានចូលខ្លួនសម្តែង កាយវិកាខារ៉ាអូខេ នៅផលិតកម្មធំៗក្នុងស្រុក មានដូចជា ផលិតកម្មសាន់ដេ និង ផលិតកម្មភ្លេងរីខត ជាមែកធាង របស់ផលិតកម្ម ហង្សមាស។

តារាសម្តែង លោក ទី រ៉ាណូ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ គឺលោកមានឱកាសចេញមុខច្រើន ក្នុងការសម្តែង ឈុតកាយវិកាខារ៉ាអូខេ និង ថតស្ប៉តពាណិជ្ជកម្មជាដើម ។ ទន្ទឹមជាមួយគ្នានេះ សព្វថ្ងៃ រ៉ាណូ កំពុងមានផលិតកម្ម និង ក្រុមហ៊ុនក្នុងស្រុក មួយចំនួន ទាក់ទងហៅថត ខ្សែភាពយន្តជាបន្តបន្ទាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news