(ភ្នំពេញ)៖ ព័ត៌មានស្តីពីការបាត់ខ្លួន តារាចម្រៀង យុង ចាន់សុធាវី ដែលជាបងស្រីបង្កើតរបស់ យុង ច័ន្ទកន្និកា នៅទឹកដីអាមេរិក ត្រូវបានផ្ទុះឡើងក្នុងសប្តាហ៍នេះ ធ្វើឲ្យមានការចេញវីដេអូឃ្លីប ឆ្លងឆ្លើយគ្នាទៅវិញទៅមក រវាងតារាចម្រៀង យុង ច័ន្ទកន្និកា ជាមួយលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ពាក់ព័ន្ធនឹងការបាត់ខ្លួននេះ។
នៅថ្ងៃទី១០ ខែមករានេះ តារាចម្រៀងស្រី យុង ច័ន្ទកន្និកា បានចេញនូវសារថ្មីមួយដោយបញ្ជាក់ថា ពេលនេះបងស្រីរបស់ខ្លួន យុង ចាន់សុធាវី បានរកឃើញហើយកំពុងស្នាក់នៅជាមួយ Spornser ជាមួយនឹងការមើលថែយ៉ាងល្អ។
អ្នកនាង យុង ច័ន្ទកន្និកា បានរសេរយ៉ាងដូច្នេះថា «ដោយសារមានការបារម្មណ៏ និងចង់ដឹងពីដំណឹងបងស្រីនាងខ្ញុំ យុង ចាន់សុធាវី យ៉ាងច្រើន ដូចនាងខ្ញុំសូមជំរាបដល់ពុកម៉ែបងប្អូនទាំងអស់ អោយបានជ្រាបថា យើងបានរកគាត់ឃើញហើយ ឥឡូវគាត់មានសុវត្តិភាពហើយ កំពុងស្នាក់នៅផ្ទះរបស់ម្ចាស់spornser ដោយបានទទួលការមើលថែយ៉ាងល្អ។ ពត៌មានបន្តែមនាងខ្ញុំ និងជំរាបជួននៅស្អែកជាបន្តរ ដោយសារពេលនេះ នៅសហរដ្ធអាមេរិចនៅយប់នៅឡើយ នាងខ្ញុំនៅរង់ចាំព័ត៌មានច្បាស់ការណ៌ពីលោកពូ លឹម ម្ចាស់ spornser ផ្ទាល់និងបងស្រីនាងខ្ញុំថាមូលហេតុអ្វី?។
សូមអគុណដល់ប្រិយមិត្តទាំងក្នុងប្រទេសនិងក្រៅប្រទេសនិងបងៗ សិល្បះករសិល្បះការនីមួយចំនួន ដែលជួយបារម្មណ៍ និងទុកពេលវេលាដើម្បីរកគាត់មកដោយ សុវត្តិភាពវិញ»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី