(ចិន)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានគេចំអកឡកឡឺយ បន្ទាប់ពីគាត់បានចំណាយប្រាក់ អស់រាប់ពាន់ដុល្លារ ដើម្បីពង្រីកដើមទ្រូង ឲ្យមើលទៅដូចជានារី។ បុរសអាយុ៣០ឆ្នាំ ឈ្មោះ Ho រស់នៅទីក្រុង Zhuzhou បាននិយាយថា គាត់ពង្រីកដើមទ្រូង ដោយសារតែខ្លួន មិនអាចស្វែងរកការងារធ្វើ ហើយគាត់បានចំណាយប្រាក់ ប្រមាណ៦០០០ដុល្លារឲ្យគ្រូពេទ្យជំនាញ នៅឯមន្ទីរពេទ្យ Ruilan Medical Cosmetic កែដើមទ្រូង ឲ្យដូចស្រី ដើម្បីងាយស្រួលរកការងារធ្វើ ព្រោះជាមនុស្សប្រុស ពិបាកនឹងស្វែងរកការងារធ្វើណាស់។
អ្វីដែលគួរឲ្យហួសចិត្តនោះ គឺ Ho បានទទួលប្រាក់កម្ចី ក្នុងការវះកាត់ កែដើមទ្រូងនេះ ចំណែកម្តាយរបស់លោក នៅពេលដែលដឹងរឿងនេះ មានអារម្មណ៍រន្ធត់ចិត្តណាស់ ហើយគាត់ក៏ចាប់ផ្តើមយំ ដោយមិនចង់ឲ្យកូនប្រុស ទៅកែដើមទ្រូងធំ មើលទៅដូចជាមនុស្សស្រីឡើយ។
ទោះបីជាយ៉ាងណា Ho បានសម្រេចចិត្ត ឲ្យគ្រូពេទ្យជំនាញធ្វើការកែដើមទ្រូង ព្រោះតែគាត់អស់លទ្ធភាព នឹងរកការងារធ្វើបាន ហើយក្រោយពីធ្វើបែបនេះរួច ក្រុមគ្រួសារលោកក៏គំរាមកាត់កាល លែងទទួលស្គាល់ Ho ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង