CamNews

តារា 

សាសា នឹងបង្ហាញមុខ នៅ​តុលាការ ក្នុង​បណ្ដឹង​ហិង្សា ពីសំណាក់លោក សុខ ប៊ុន

ភ្នំពេញ ៖ កញ្ញា សាសា បានថ្លែងប្រាប់ LookingTODAYថា នៅម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកក្កដា នេះ រូបនាងនឹងចូលខ្លួនមកបំភ្លឺនៅ ចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ជុំវិញរឿងរ៉ាវបង្កហឹង្សា ចំពោះរូបនាង ពីសំណាក់លោក សុខ ប៊ុន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ ការចូលទៅបំភ្លឺនេះ ធ្វើឡើងជាមួយនឹងលោក ពុធ ធាវី មេធាវីការពារក្តីរបស់កញ្ញា សាសា។ ពាក់ព័ន្ធរឿងប្តឹងលោក សុខ ប៊ុន កញ្ញា សាសា មិនទាន់បាននិយាយអំពីបញ្ហាសំណងអ្វីណាមួយជាមួយលោក សុខ ប៊ុន នៅឡើយនោះទេ។

សូមបញ្ជាក់ថា ក្រុមគ្រួសារលោក សុខ ប៊ុន បានថ្លែងប្រាប់ LookingTODAY ថា កាលពីម្សិលមិញថា លោក សុខ ប៊ុន នឹងវិលត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង មកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។ ក្រុមគ្រួសារ របស់លោក សុខ ប៊ុន បានថ្លែងបញ្ជាក់ប្រាប់ថា សម្តែងនូវការគោរពដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគោរពតាមអនុសាសន៍ គ្រប់បែបយ៉ាងរបស់សម្តេច ដើម្បីចូលខ្លួនមកដោះស្រាយ ផ្លូវច្បាប់ជាមួយតុលាការ នឹងសូមការអភ័យទោស ជាទីបំផុតពី សម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គងដែលបានប្រើហិង្សាដល់កញ្ញា សាសា ផងដែរ។

ស្របពេលនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជាសាធារណៈ ក្នុងពិធីចែកសញ្ញាបត្រ ដល់សាមណៈសិស្ស-និស្សិត ដោយព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និងចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន លើអំពើហិង្សាដ៏ឃោឃៅចំពោះនាង កាលពីរាត្រីថ្ងៃទី២ ខែកក្កដា កន្លងទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងជាសាធារណៈ ក្នុងពិធីបិទសន្និបាត ផ្សព្វផ្សាយការបោះបង្គោលព្រំដែន ក្នុងក្រសួងមហាផ្ទៃ ឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ខ្លួន លោក សុខ ប៊ុន ដែលបានបង្កហិង្សាដ៏សាហាវលើរូបកញ្ញា សាសា ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news Sasa Sok Bun khmer tycoon