CamNews

តារា 

សុគន្ធ ថេរ៉ាយុ ធុញថប់ នឹងជីវិតខ្លួនឯង

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏ស្រស់សង្ហា និងសម្បូរទ្រព្យ លោក សុគន្ធ ថេរ៉ាយុ ត្រូវបានទស្សនិកជនដឹងថា ទើបតែបានចាប់ដៃគូថ្មីៗ ជាមួយ ស្រីស្អាត ផាត វីរ៉ាទីហៅ រ៉ាប៊ី អតីតតួឯកស្រីក្នុងរឿង «កម្លោះក្ដាមប្រៃ និងកញ្ញាស្ពៃជ្រក់» ហើយតែងតែកោតសរសើរ ដៃគូថ្មីរបស់លោកមិនដាច់ពីមាត់ ថាជាស្រីស្អាត ពោរពេញទៅដោយសមត្ថភាព មិនថាក្បាច់រាំ ការច្រៀង ឬការសម្ដែងទេ ។ ប៉ុន្តែចំឡែកអី ថ្មីៗនេះតារាចម្រៀង បែបយុវវ័យ សុគន្ធ ថេរ៉ាយុ បែរជាត្អូញត្អែថា លោកធុញថប់នឹងជីវិតខ្លួន ប្រកាសជាសាធារណៈ ទៅវិញ ហើយគេមិនបានដឹងទេថា មូលហេតុអ្វីបានជាលោកធុញ នឹងជីវិត បើសព្វថ្ងៃលោកមានទ្រព្យសម្បត្តិ ដេកចាយស្ទើរលែងអស់ទៅហើយនោះ។ 


សុគន្ធ ថេរ៉ាយុ បានវិវត្តន៍ខ្លួន ក្លាយជាគណកម្មការ ក្នុងកម្មវិធី «អ្នកនិពន្ធវ័យក្មេង» បន្ថែមលើអាជីពចម្រៀងរបស់លោក ដែលកំពុងដំណើរការថត ជាបណ្ដើរៗ ត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ ។ តាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យលោកទទួលបាន ប្រជាប្រិយភាពបន្ថែមទៀត ពេលលោកអាចកាន់តំណែងនេះបានល្អ។ កម្មវិធី«អ្នកនិពន្ធវ័យក្មេង» នេះ ទទួលបានគាំទ្រពេញទំហឹង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមទាំងក្រសួងអប់រំ ហើយញុំាងឲ្យ កម្មវិធីកាន់តែ មានលក្ខណៈផ្លូវការ និងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ។

លោក សុគន្ធ ថេរ៉ាយុ ហាក់យីអ៊ុនឡើងក្រឺតៗ ព្រោះបានចេញអាល់ប៊ុមជាមួយស្រីស្អាតសាច់ស កញ្ញា វីរ៉ាទី ថែមទាំងឡើងតំណែង គណកម្មការទៀត។ រីឯការងារក្រៅម៉ោងចេញច្រៀង តាមកម្មវិធីផ្សេងៗក៏មានហូរហែ ។ លោកហាក់បៀមទុក្ខវិបត្តិអ្វី ម្យ៉ាង ដែលធ្វើឲ្យលោកមិនសប្បាយចិត្ត ។ សុគន្ធ ថេរ៉ាយុ បានបង្ហាញពីអារម្មណ៍ ក្នុងបណ្ដាញសង្គម Facebook ថា« ខ្ញុំធុញនឹងជីវិតខ្ញុំមួយនេះណាស់» តែត្រូវបានអ្នកគាំទ្រក្នុងបណ្ដាញសង្គម លើកទឹកចិត្តលោកថា «កុំបាក់ទឹកចិត្តអី ពួកគេជាកំលាំងចិត្ត ឲ្យលោកបន្តដំណើរទៅមុខ..» ។

តារាចម្រៀងសំនៀងស្រាល សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងវ័យក្មេងបំផុត ដែលមានលុយច្រើនមិនគួរឲ្យជឿ ព្រោះគ្រាន់តែផ្ទះមានតម្លៃជិត៦០ម៉ឺនដុល្លារទៅហើយ ។ ចំណែកសម្ភារៈប្រើប្រាស់ គឺថ្លៃកប់ពពក តែអ្វីដែលលោកគ្មានគឺគូស្នេហ៍ អាចជាហេតុធ្វើលោកមានអារម្មណ៍ឯកា នឹងធុញថប់ក្នុងជីវិតខ្លួនឯង បើទោះបីលោកមានអ្វីៗ គ្រប់យ៉ាងក៏ដោយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sokun thearayu Star news local news