CamNews

ព័ត៌មានជាតិ 

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង មកពន្ធនាគារភ្នំពេញ

(ភ្នំពេញ)៖ មន្ត្រី​ជាន់ខ្ពស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងប្រាប់ទំព័រសារព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃនេះថា លោក ​ឈូក​ បណ្ឌិត ​​អតីត​អភិបាល​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង ​ដែល​បាន​ជាប់​ពន្ធនាគារ​​កាលពី​​ដើម​ឆ្នាំ​នេះ ​​ពីបទ​បាញ់​​ឲ្យ​កម្មករ​​រោងចក្រ​៣នាក់​របួស ​​ពេល​មាន​ការ​តវ៉ា​ក្នុង​ឆ្នាំ​២០១២ ​​ត្រូវ​គេ​បញ្ជូន​​មកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពីរ-បីថ្ងៃមកហើយ ដោយលោកមានជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត​។

ចំណែកមន្រ្តីពន្ធនាគារខេត្តស្វាយរៀង បានឲ្យដឹងថា លោក ឈូក បណ្ឌិត ​ត្រូវ​គេ​បញ្ជូន​ពី​ពន្ធនាគារ ​ខេត្ត​ស្វាយរៀង ​​​​ទៅ​ពន្ធនាគារ​ព្រៃស​ នាពេលថ្មីៗនេះ​​ ព្រោះមានការស្នើសុំពីមេធាវី​។

សូមបញ្ជាក់ថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានបាញ់ទៅលើកម្មការិនី ៣នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ ខណៈដែលពួកគេធ្វើកូដកម្ម នៅរោងចក្រកៅវេ កាលពីខែកុម្ភៈ ឆ្នាំ២០១២ ដែលរហូតមកដល់បច្ចុប្បន្នរយៈពេល៣ឆ្នាំ ហើយជនរងគ្រោះមិនទាន់ទទួល បានយុត្តិធម៌នៅឡើយ។ លោកត្រូវបានចៅក្រម សាលាដំបូងខេត្តស្វាយរៀង កាត់ទោសកាលពីថ្ងៃទី២៥ ខែមិថុនា ឱ្យជាប់ពន្ធនាគារ រយៈពេល១ឆ្នាំកន្លះ ពីបទបាញ់ប្រហារ ទៅលើកម្មការិនី៣នាក់ ឱ្យរងរបួសដោយអចេតនា។ តុលាការក៏តម្រូវឲ្យអតីតអភិបាលក្រុងបាវិតរូបនេះ បង់ប្រាក់សំណង ទៅឲ្យជនរងគ្រោះទាំង៣នាក់សរុប ៣៨លានរៀលផងដែរ។

នៅម៉ោង១៖១០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលរត់គេចខ្លួន ពីការតាមចាប់ របស់សមត្ថកិច្ច អស់ពេល៣ឆ្នាំ បន្ទាប់បាញ់កម្មការិនី៣នាក់រងរបួសបានប្រគល់ខ្លួន ឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចបញ្ជូនភ្លាមៗ បញ្ជូនទៅកាន់​តុលាការខេត្តស្វាយរៀង ហើយតុលាការ ក៏បានសម្រេចបញ្ជូន ទៅពន្ធនាគារខេត្តស្វាយរៀង ដើម្បីធ្វើការឃុំឃាំង៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh