CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងអ្នករិះគន់ថា «គណៈរដ្ឋមន្រ្តី Facebook»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការប្រតិកម្មទៅនឹងអ្នករិះគន់ ដែលបានលើកឡើងថា គណៈរដ្ឋមន្រ្តីកម្ពុជា ពេលនេះជាគណៈរដ្ឋមន្រ្តី Facebook បន្ទាប់ពីរាជរដ្ឋាភិបាលប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការពិតគឺប្រជាពលរដ្ឋ ឬក៏រហូតដល់ផ្នែកនានា​ គេបានស្វាគមន៍ទូទាំងប្រទេស វាទៅជាមានអ្នកវិភាគថា គណៈរដ្ឋមន្រ្តី Facebook "ខ្ញុំគិតថាអ្នកទាំងនោះ យើងត្រូវបង្កើតសាលាមួយ ហើយហៅឈ្មោះអ្នកហ្នឹងមកបង្រៀនយើងថាតើគួរធ្វើអ្វីខ្លះ"»

កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតណែនាំឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើតក្រុមការងារ និងទំព័រ Facebook ហើយតាមដានទំព័រ Facebook របស់សម្តេចតេជោ និងបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។ សម្តេចថែមទាំងបានលើកឡើងថា សម្តេចនឹងបញ្ជូនរបស់ប្រជាពលរដ្ឋ ទៅកាន់ស្ថាប័នពាក់ព័ន្ធ តាមបណ្តាញសង្គម Facebook។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា នេះគឺជាការប្រើប្រាស់ប្រព័ន្ធ រដ្ឋាភិបាលអេឡិចត្រូនិច ដែលមានភាពប្រសើរឡើងច្រើន និងលឿនជាងការដោះស្រាយបញ្ហាកន្លងមក។ សម្តេចលើកឡើងថា «រដ្ឋាភិបាលអេឡិចត្រូនិចនេះ មានគ្រប់ប្រព័ន្ធរបស់វា រាប់ទាំងប្រព័ន្ធអ្វីដែលលឿនបំផុត ដែលអាចដោះស្រាយការងារ បានសម្រាប់ប្រជាពលរដ្ឋ»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមទៀតថា «នៅពេលដែលប្រជាពលរដ្ឋ គាត់មានសំណូមពរតាមរយៈអេឡិចត្រូនិកមក អញ្ជឹងតើឱ្យវាមកកកនៅត្រង់ នាយករដ្ឋមន្រ្តី ឬនាយករដ្ឋមន្រ្តី ត្រូវរកវិធីដើម្បីដោះស្រាយបញ្ហា»

                                                     * បញ្ជាក់ ៖ រូបភាព ឯកសារ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh