(ភ្នំពេញ)៖ ខ្សែបម្រើ-ការពារ អ៊ុក សុទ្ធី ដែលអ្នកគាំទ្រឲ្យរហស្សនាមជា Messi របស់ក្លឹបភ្នំពេញក្រោន បានវិលត្រឡប់មកហ្វឹកហាត់ ជាមួយមិត្តរួម ក្រុមរបស់ខ្លួនវិញហើយ បន្ទាប់ពីជាសះស្បើយពីរបួសជង្គង់ ដើម្បីត្រៀមខ្លួនជួយក្រុមការពារតំណែងជើងឯកលីកកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៦ខាងមុខ ។
សូមរំឮកថា អ៊ុក សុទ្ធី បានរងរបួសក្បាលជង្គង់ នៅពេលជួយក្រុមភ្នំពេញក្រោន ក្នុងជំនួបមិត្តភាពជាមួយក្រុម African All-Stars កាលពីខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ។ ដោយសារស្ថានភាពរបួសរៀងធ្ងន់ គេបានធ្វើដំណើរទៅព្យាបាល នៅវៀតណាម ហើយត្រូវគ្រូពេទ្យវះកាត់តែម្ដង ។ បន្ទាប់មក សុទ្ធី បានព្យាយាមធ្វើគ្រប់បែបយ៉ាង តាមការណែនាំរបស់ គ្រូពេទ្យ ទើបគេឆាប់ជាសះស្បើយវិញ ។
ប្រភពព័ត៌មានពីក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ខណៈពេលនេះ កីឡាករ ដែលគេឲ្យឈ្មោះ Messi ប្រចាំក្លឹបនេះ កំពុងតែធ្វើការហ្វឹកហាត់សាជាថ្មី ដើម្បីត្រៀមប្រកួតប្រជែងពានផ្សេងៗ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំក្នុងឆ្នាំ២០១៦ ជាពិសេសគឺការត្រៀមខ្លួនការពារតំណែង ជើងឯកលីកកំពូលកម្ពុជា នារដូវកាលក្រោយ ។
ជាមួយនឹងការត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាថ្មីនេះ អ៊ុក សុទ្ធី បាននិយាយថា «ខ្ញុំពិតជាស្តាយណាស់ ដែលខ្ញុំមិនបានជួយក្រុមការពីរដូវកាលមុន ខ្ញុំពិតជាចង់ប្រកួតខ្លាំងណាស់ ដូចនេះវាពិតជាពិបាកដែលត្រូវអង្គុយមើល ការប្រកួតពេញមួយរដូវកាល ។ ខ្ញុំមានរបួសជង្គង់ កាលពីខែឧសភា មានន័យថា ខ្ញុំមិនអាចលេងពេញមួយរដូវកាល ដូចនេះពិតជាលំបាកសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលក្រុមទាំងមូលឈ្នះជើងឯកជាថ្មី ដូចអ្វីដែលយើងបានឈ្នះ កាលពីរដូវកាលមុន» ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ សុទ្ធី គឺជាកីឡាករសំខាន់មួយរូបរបស់ក្លឹបភ្នំពេញក្រោន ដែលជួយឲ្យក្រុមឈ្នះជើងឯកលីកកំពូលកម្ពុជា ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Sam Schweingruber ។ ប៉ុន្ដែរដូវកាលក្រោយ ឆ្នាំ២០១៦ ខាងមុខនេះ សុទ្ធី បានប្ដេជ្ញាចិត្តជួយក្រុមការពារ តំណែងជើងឯកឲ្យបាន ដើម្បីបង្កើនកេរ្ដិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ៕
ក្រុមភ្នំពេញក្រោន
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី