ភ្នំពេញ៖ កញ្ញា ជេស ស៊ីកា គឺជាតារាសម្តែង និងបង្ហាញម៉ូដវ័យក្មេង ដែលកំពុងតែឆក់ បានទីផ្សារ សម្តែងច្រើន ខណៈកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព ក៏ហាក់មានភាព លេចធ្លោ តាមរយៈការដើរម៉ូដ សម្តែងខ្សែភាពយន្ត ក៏ដូចជាចម្រៀង កាយវិកាខារ៉ាអូខេ និងថតស្ប៉ត ពាណិជ្ជកម្មជាដើម។
ត្បិតតែតារាស្រីរូបស្រស់ កញ្ញា ជេស ស៊ីកា ទើបតែឈានជើងចូលប្រឡូក ក្នុងអាជីពជាតារាសម្តែង និងបង្ហាញម៉ូដ ក៏ពិតមែន ប៉ុន្តែតារាវ័យ២១ឆ្នាំ សាច់សខ្ចីរូបនេះ បានបង្ហាញមហិច្ឆតាយ៉ាងខ្ពស់ថា នៅថ្ងៃអនាគតខាងមុខនេះ សន្ទុះនៃការគាំទ្ររបស់នាង នឹងហក់ឡើងខ្លាំង អាចជួយឲ្យនាង ចាប់បានភាពល្បីឈ្មោះ ដូចតារារៀមច្បងមិនខាន។
ជួបសំណេះសំណាល តាមទូរស័ព្ទជាមួយ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤នេះ កញ្ញា ជេស ស៊ីកា បានលាត្រដាង អំពីខ្សែជីវិត ក្នុងការងារសិល្បៈរបស់ខ្លួន ប្រាប់ឲ្យដឹងថា នាងចាប់អាជីព ជាតារាសម្តែង និង បង្ហាញម៉ូដ អស់រយៈពេល ជិត២ឆ្នាំមកហើយ គឺចាប់តាំងពី ចុងឆ្នាំ២០១២ មកម្ល៉េះ។
កញ្ញា ជេស ស៊ីកា បានបន្តថា "ចាប់តាំងពីខ្ញុំចូលសិល្បៈដំបូង រហូតមកដល់ពេលនេះ ធ្លាប់សម្តែ ងខ្សែភាពយន្ត បានចំនួនពីររឿង ដែលខ្សែរឿងទី១ មានចំណងជើងថា ព្យុះស្នេហ៍សេសាន និងរឿងទី២ គឺ ម្ចាស់វិមានភូមិគ្រឹះ របស់ផលិតកម្មកូនខ្មែរ។ ប៉ុន្តែខ្ញុំមិនទាន់បាន តំណែង ជាតួឯកនោះទេ គឺបានត្រឹមតែតួមួយដួង នៅក្បែរតួឯកប៉ុណ្ណោះ អាចនិយាយបានថា ជាតួរងក៏បាន.."។
តារាសម្តែងស្រី ជេស ស៊ីកា បានរៀបរាប់ឲ្យដឹងទៀតថា រាល់ថ្ងៃនេះក្រៅពីសម្តែងខ្សែរឿង នឹងដើរម៉ូដនាង ក៏ក្តាប់បានឱកាសសម្តែង ឈុតកាយវិការ ខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មធំៗ ក្នុងស្រុកមួយចំនួនដូចជា ផលិតកម្មរស្មីហង្សមាស ផលិតកម្មថោន និង សាន់ដេជាដើម។ ទន្ទឹមគ្នានេះ នាងក៏មានគម្រោង ថតខ្សែរឿងថ្មី នៅអំឡុងខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ។
កញ្ញា ជេស ស៊ីកា បានដាក់ការរំពឹង ទៅថ្ងៃអនាគតថា ខ្លូននឹងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង ពីអាជីពជាតារាសម្តែង និងបង្ហាញម៉ូដ ។ ស្ថិតក្នុងវ័យ២១ឆ្នាំ កញ្ញា ជេស ស៊ីកា បច្ចុប្បន្នមានបងប្អូន ចំនួន៥ នាក់ នាងជាកូនទី៤ ក្នុងចំណោម បងប្អូនទាំងអស់។ កញ្ញា ជេស ស៊ីកា មានដើមកំណើត នៅក្នុងទីក្រុងភ្នំពេញ៕