(ភ្នំពេញ)៖ ស្របពេលដែលសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តពីរគ្រឿង បុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់គៀបជាប់ ជាមួយរថយន្តស្លាប់ ហើយភាគីម្ខាងទៀត គឺតារាចម្រៀង ខេម និងស្រីស្នេហ៍រួចផុត ពីគ្រោះថ្នាក់ដល់ជីវិត ព្រមទាំងរត់គេចខ្លួនចេញពីកន្លែង កើតហេតុនោះ បច្ចុប្បន្នកំពុងស្ថិតក្នុងប្រធានបទក្តៅគគុក នៃការវែកញែករកខុស និងត្រូវ ពីសំណាក់មជ្ឈដ្ឋាន មហាជនទូទៅ។
តាមការសង្កេតឃើញ មិនថាមហាជនអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬខាងក្រៅនោះទេ គឺអំឡុងពេល២ថ្ងៃនេះ ពោលចាប់តាំងពីថ្ងៃកើត មានគ្រោះថ្នាក់នេះឡើង គឺមានការជជែកវែកញែកច្រើន តាមរយៈការបញ្ចេញមតិ និងទស្សនៈផ្សេងៗ ពីគ្នាជុំវិញករណីគ្រោះថ្នាក់ ចរចរណ៍ដែលបានកើតឡើង កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ស្ថិត នៅចំណុចមុខឃ្លាំង ស្ថានីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ងាកមកចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឯណេះវិញ គឺមានការសេសរ Comment បង្ហោះភ្ជាប់ជាមួយរូបភាព ដោយដាក់ការសង្ស័យថា បញ្ហាគ្រោះថ្នាក់នេះ អាចបង្កឡើងដោយការបើកបរ មានជាតិស្រវឹងពីសំណាក់ភាគីខាងណាមួយ ហើយមើលទៅ ទើបក្លាយជាបែបនេះ។ ក្នុងនោះបើក្រឡេកមើល នៅលើម្ចាស់ Acount Facebook ម្នាក់ដែលមានឈ្មោះ ថា «Sros Kim» បានសរសេរថា «ខ្ញុំបានឃើញរថយន្ត Celica នេះមុនម៉ោងកើតហេតុ បានបើកឆ្លងទៅជ្រោយចង្វា ត្រើយខាងកើត ឆ្លងគោលដៅឈជើងរបស់ខ្ញុំ ដោយបើកក្នុងល្បឿនលឿន និងបានស្រែកខ្លាំងៗ ពីក្នុងឡានបើកកញ្ចក់បត់ទៅផ្លូវភ្លោះ ទន្លេសាបប៊ិះទៅបុកម៉ូតូមួយគ្រឿង ហើយមួយសន្ទុះ ក៏បានបើកឡើងស្ពានវិញបាត់ មើលទៅស្ថានភាពស្រវឹងខ្លាំង ថែមទាំងមិនពាក់អាវនោះទេ..!»។
ជាមួយគ្នានឹងការ សរសេរបង្ហោះដូច្នេះ ក៏មានការ Comment ដែរថា «បើគាត់មិនស្រវឹងហេតុអ្វីគាត់ បើកបរមិនពាក់អាវ…។ ស្រវឹងតែម្នាក់ឯង មិនអស់ចិត្ត បែរជាមកនាំទុក្ខដល់អ្នកដទៃ បើស្រវឹងសូមមេត្តាកុំបើកបរទៀត ចំពោះអ្នកដែលចូលចិត្ត ធ្វើការកំសាន្តជាមួយគ្រឿងស្រវឹង បញ្ឈប់ដើម្បីជីវិតខ្លួនឯង និងអ្នកដទៃ.!»។
ដោយឡែក បើតាមការបញ្ចេញទស្សនៈ ពីម្ចាស់ Acount Facebook ម្នាក់ទៀតដែលមានឈ្មោះថា «Ros Samnang» ក៏បានសរសេរថា «ធម្មតាជិះបញ្ច្រាសទិសគ្នា គឺត្រូវប្រកាន់ស្តាំរៀងៗខ្លួន ហេតុអ្វីត្រូវមកបុកគ្នាចំពីមុខ ពេញទំហឹងទៅកើត ? ប្រាកដជាមានខាងណាជិះខុស ខិតមកខាងស្តាំហើយ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ កើតឡើង..!»។
សូមជម្រាបថា ទន្ទឹមនឹងមានការជជែកវែកញែកនេះដែរ ក៏មានប្រភពបង្ហើបថា បច្ចុប្បន្នក្រោយពីបង្កគ្រោះថ្នាក់ បណ្តាលឲ្យមានមនុស្សស្លាប់ តារាចម្រៀង ខេម មិនបានចេញមុខដោះស្រាយ ជាមួយភាគីគ្រួសារជនរងគ្រោះ ដោយផ្ទាល់នោះឡើយ ពោលគឺឲ្យក្រុមគ្រួសារជាអ្នកចេញមុខ ដោះស្រាយជំនួស ប៉ុន្តែសំណងត្រូវសងទៅជនរងគ្រោះ មានចំនួនប៉ុន្មាននោះ គឺមិនទាន់ត្រូវបានបង្ហើបជាផ្លូវការ នោះទេ ។
យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំសងខាង តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង