ភ្នំពេញ៖ ក្នុងនាមជាអ្នក កាន់ព្រះពុទ្ធសាសនា ប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ព.ស ២៥៥៨ ដែលជាថ្ងៃដំបូង នៃការកាន់បិណ្ឌ បាននាំគ្នានាំយកចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅវត្តអារាម ដើម្បីឧទ្ទិសជូនដល់សាច់ញាតិ ដែលបានធ្វើកាលកិរិយា(ស្លាប់) កន្លងទៅ។
អ៊ំស្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ មានទីលំនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ នេះថា ការធ្វើបុណ្យដាក់បិណ្ឌ និងការនាំយកចង្ហាន់ មកប្រគេនព្រះសង្ឃរយៈពេល ១៥ថ្ងៃនេះ គឺជាទំនៀមតាំងពីយូរណាស់មកហើយ តាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយនៅប្រទេសកម្ពុជា នៅស្រុកណាក៏គេធ្វើដែរ ព្រោះទង្វើបែបនេះ នឹងផ្តល់ផលបុណ្យទៅដល់ញាតិមិត្តរបស់ខ្លួន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ឧបាសិការូបនេះ បានបន្តថា “ចាប់ពីថ្ងៃ១រោច ដែលជាថ្ងៃបិណ្ឌ១ហ្នឹង រហូតថ្ងៃបិណ្ឌ១៥ ដែលជាថ្ងៃភ្ជុំ តាំងពីដូនតាមក រហូតដល់កូនចៅជំនាន់ក្រោយហ្នឹងនាំគ្នាមកធ្វើបុណ្យនេះ។ ការធ្វើនេះដែរ ញាតិមិត្តដែលស្លាប់ទៅហ្នឹងក៏ពួកគាត់មកប្រាប់យើងដែរ តែជាទម្លាប់របស់ខ្មែរយើងហើយ”។
អ៊ំស្រី រំលឹកថា កាលពីសម័យ ប៉ុល ពត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺពលរដ្ឋខ្មែរមិនបានធ្វើបុណ្យទេ ដោយសារពេលនោះ មនុស្សមានចិត្តសាហាវកាប់សម្លាប់គ្នា ហើយក៏មិនឲ្យមានព្រះសង្ឃនោះដែរ។
ចំណែកស្រ្តីវ័យចំណាស់ម្នាក់ទៀត ដែលបានទៅវត្ត នៅថ្ងៃទីកាន់បិណ្ឌទី១ បានឲ្យដឹងទាំងទឹកមុខរីករាយថា គាត់មកថ្ងៃដំបូងនេះ ដើម្បីដាក់បាត្រឧទ្ទិកុសល ដែលបងប្អូនញាតិទាំង៧សណ្តាន ដែលបានចែកឋានឲ្យពួកគាត់ មកទទួលផលពីកូនចៅ។
នៅថ្ងៃទី១ គេសង្កេតឃើញថា នៅគ្រប់វត្តអារាមមានពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បាននាំគ្នាទៅធ្វើបុណ្យនៅគ្រប់វត្ត ដោយបានរាប់បាត្រ ឧទ្ទិសកុសលដល់អ្នកស្លាប់៕




