លោក David Edwards អាយុ ៧៦ ឆ្នាំជនជាតិ ស្កតលែន ដែលកាលពីមុនគាត់គឺជាអ្នកលេងភ្លេង
ដោយប្រើឧបករណ៍ ឆាឡូ ដ៏ល្បីល្បាញក្នុងក្រុម អូឆេស្រ្តា របស់ស្កតលែន បានបោះបង់អាជីពជា
អ្នកលេងភ្លេងចោល មកចាប់ជាអ្នកផលិតហត្ថកម្មវិញ។
ហត្ថកម្មដែលលោកធ្វើនោះគឺជាវត្ថុអនុស្សាវរីយប៉ុន្តែវាមានលក្ខណៈប្លែកបន្តិចព្រោះលោកតា David
បានផលិតតែរបស់ដែលមានរូបរាងតូចៗប៉ុណ្ណោះ។ ក្នុងនោះគាត់បានបង្ហាញកូនវីយូឡុង តូចមួយ
ដែលមានទំហំប្រហែលជាង ១ អ៊ីង កន្លះ ដែលស្នាដៃហត្ថកម្មរបស់គាត់នេះមានតម្លៃជាង ១ ពាន់
ផោន។
លោកតា David បានប្រាប់ថាលោកមានចំណូលចិត្តក្នុងការធ្វើរបស់តូចៗទាំងនេះក្រោយពេលដែល
លោកបានសំរាកពីលេងភ្លេងរយៈពេលមួយថ្ងៃដើម្បីជួយធ្វើសម្ភារៈតូចៗដើម្បីដាក់ក្នុងផ្ទះតុក្កតារបស់
កូនស្រីរបស់លោក។ ហើយមកដល់ពេលនេះលោកបានក្លាយជាអ្នកជំនាញខាងធ្វើរបស់របរតូចៗ
ដែលចេញពីរបស់ប្រើប្រាស់ប្រចាំថ្ងៃទៅហើយ។
ភ្នែករបស់លោកនៅតែមិនមានបញ្ហាទោះបីជាគាត់មានអាយុច្រើនណាស់ហើយក្ដី។ លោកតាក៏បាន
ប្រាប់ផងដែរថាគាត់សប្បាយចិត្តនឹងការងារនេះព្រោះគាត់បានធ្វើអ្វីដែលគាត់ចង់ធ្វើ៕
ដោយ៖ ផានិត
ប្រភពពី៖ Dailymail