ភ្នំពេញ៖ បើទោះជាមន្ត្រី UN ស្ពាយផែនទី ដែលប្រទេសកម្ពុជា យកទៅប្តឹងនិងតម្កល់នៅ UN យកមកផ្ទៀងផ្ទាត់ ជាមួយផែនទី ដែលរាជរដ្ឋាភិបាលកម្ពុជាមាន និងកំពុងប្រើ ជាផ្លូវការរាល់ថ្ងៃ វាដូចគ្នាបេះបិត ដោយមិនលំអៀងក្តី ក៏តំណាងរាស្ត្របក្សប្រឆាំង នៅតែមិនទទួលស្គាល់ផែនទី ដែលរាជរដ្ឋាភិបាល មាននិងកំពុងប្រើប្រាស់ រាល់ថ្ងៃដដែល។
លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុង ស្ថិតនៅ សហរដ្ឋអាមេរិកនោះ បានធ្វើការអះអាងប្រាប់វិទ្យុអាស៊ីសេរី ផ្សាយនៅពេល ថ្មីៗនេះថា ផែនទីដែល រាជរដ្ឋាភិបាលទើបផ្ទៀងផ្ទាត់ជាមួយអង្គការសហប្រជាជាតិនោះ គឺមិនមែនជាផែនទីផ្លូវការនោះទេ។ លោក អ៊ុំ សំអាន បានអះអាងបន្តថា ផែនទីដែលអាចជាផ្លូវការបានគឺផែនទីដែលសម្តេចព្រះបាទនរោត្តមសីហនុ យកទៅ តម្កល់នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤។
ពាក់ព័ន្ធការលើកឡើងរបស់លោក អ៊ុំ សំអាន ខាងលើនេះ គេយល់ឃើញថាលោក អ៊ុំ សំអាន នៅតែប្រកាន់ជំហរថា ផែនទីដែលរាជរដ្ឋាភិបាលមាននិងកំពុងប្រើរាល់ថ្ងៃជាផែនទីមិនត្រឹមត្រូវដដែល បើទោះបីជាសមាជិកសភា ព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សសមរង្ស៊ី ផ្សេងទៀតគេមិនមានប្រតិកម្មឬប្រកាន់ ជំហរដូចលោក ក៏ដោយនោះ។
ពាក់ព័ន្ធទៅនិងការលើកឡើងថាផែនទីរបស់រាជរដ្ឋាភិបាល មាន មិនមែនជាផែនទីផ្លូវការ ទាល់តែផែនទីដែល សម្តេចព្រះនរោត្តមសីហនុ យកទៅតម្កល់នៅ UN នាឆ្នាំ១៩៦៤ ទើបផ្លូវការនេះត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើការបកស្រាយថា តាមពិតផែនទីដែលអង្គការសហប្រជាជាតិ មានគឺជាប្រភេទផែនទី UTM មានចំនួន១៨ផ្ទាំង ត្រូវបានរដ្ឋាភិបាលសម័យឆ្នាំ១៩៦៤ យកទៅប្តឹងអង្គការសហប្រជាជាតិពាក់ព័ន្ធសហរដ្ឋអាមេរិក ទំលាក់គ្រាប់បែក លើដីខ្មែរ ខណៈវៀតណាមខាងត្បូងធ្វើសង្គ្រាមជាមួយវៀតណាមខាងជើង ក្រៅពីនោះកម្ពុជាមិនមានផែនទី ផ្សេងណាទៀត ត្រូវបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិនោះឡើយ សូម្បីតែអង្គការសហប្រជាជាតិ ក៏ធ្វើការអះអាងថា រកមិនឃើញនោះដែរ ក្រៅពីផែនទី១៨ផ្ទាំងដែលយកមកឲ្យកម្ពុជា ធ្វើការផ្ទៀងផ្ទាត់កាលពី ថ្ងៃទី២០ ខែសីហានេះ។ ចំណែករដ្ឋធម្មនុញ្ញ មាត្រា២ ក៏បានបញ្ជាក់ថាបូរណភាពទឹកដី របស់ព្រះរាជាណាចក្រ កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែន របស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ដោយមិនបានបញ្ជាក់ថាជាប្រភេទផែនទីបោន ឬផែនទី UTM នោះទេ។ ប៉ុន្តែយោងតាមការ អះអាងរបស់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ពន្យល់ បញ្ហាផែនទីនោះ លោកបានលើកឡើងថាពាក្យបោន ពាក្យUTM វាមិនមែនជាឈ្មោះសម្រាប់ សម្គាល់ផែនទីនោះទេ វាជាឈ្មោះសម្គាល់លើសម័យកាលក្នុងការបោះពុម្ពផែនទីតែប៉ុណ្ណោះ។ ក្នុងនោះនៅសម័យមុនឆ្នាំ១៩៦០ គេបោះពុម្ពតាមបច្ចេកទេសបោន មានន័យថាចម្លងរូបមូលមកលើក្រដាស។ លុះក្រោយឆ្នាំ១៩៦០ គេបោះពុម្ពតាម UTM មានន័យថាលឿនជាងបោន មានភាពលំអៀងតូចជាងបោន និងនៅក្រោយឆ្នាំ១៩៨៤ គេបោះពុម្ព ផែនទី តាមបច្ចេកទេសវើលជីអូដេទិចស៊ីស្ទីម មានន័យថា វាមានបច្ចេកទេសថតនិងបោះពុម្ពលឿនជាង។ ដោយឡែក ផែនទីដែលរាជរដ្ឋាភិបាលមាននៅក្នុងដៃ ប្រើប្រាស់ជាផ្លូវការរាល់ថ្ងៃគឺជាផែនទីបោះពុម្ព ដោយក្រុមភូមិសាស្ត្រ ឥណ្ឌូចិនខ្នាត ១/១០០.០០០មានចំនួន ២៦ផ្ទាំងសរុបព្រំដែនកម្ពុជា-វៀតណាម ទាំងមូលមានប្រវែងជាង ១២០០គឺឡូម៉ែត្រ មានន័យថាផែនទីនេះបោះពុម្ពនៅមុនឆ្នាំ១៩៦០ គឺបោះពុម្ពតាមបច្ចេកទេសបោន ដោយពាក្យ បោននេះ គេប្រើសម្រាប់ឈ្មោះបច្ចេកទេសបោះពុម្ពប៉ុណ្ណោះ។
អ្នកវិភាគបានយល់ឃើញថាមិនថាផែនទីបោះពុម្ពតាមបច្ចេកទេសបោនឬបច្ចេកទេសUTM នោះទេធ្វើម៉េចពេល យកមកផ្ទៀងផ្ទាត់ឲ្យតែដូចគ្នាទៅគឺវាត្រឹមត្រូវនិងអាចទទួលយកបានហើយ។ ដោយឡែកការលើកឡើងរបស់ លោក អ៊ុំ សំអាន ថាទាល់តែផែនទីដែលសម្តេចព្រះនរោត្តមសីហនុ យកទៅតម្កល់នៅ UN កាលពីឆ្នាំ១៩៦៤ ទើបជាផែនទីត្រឹមត្រូវនោះ គេសូមសួរថាតើលោក អ៊ុំ សំអាន មានផែនទីនោះនៅក្នុងដៃឬអត់? ហើយលោក អ៊ុំ សំអាន មានដឹងថា បច្ចុប្បន្នផែនទីនោះមាននៅទីណា? បើអង្គការសហប្រជាជាតិអះអាងថាមិនមាន មានតែផែនទី UTM ១៨ផ្ទាំងប៉ុណ្ណោះនោះ។
គេឆ្ងល់ថាបើលោក អ៊ុំ សំអាន ថាផែនទីរបស់រាជរដ្ឋាភិបាលមានវា មិនផ្លូវការចុះផែនទីដែលគណបក្សសង្គ្រោះជាតិ មានប្រគល់ទៅឲ្យរាជបណ្ឌិតសភាយកទៅធ្វើការ ផ្ទៀងផ្ទាត់ជាមួយផែនទី ដែលរាជរដ្ឋាភិបាលមានដូចគ្នានោះ មិនមាន ន័យថាគណបក្សសង្គ្រោះជាតិ កាន់ផែនទីមិនផ្លូវការដែលទៅហើយទេឬអី?៕
អ្វីទៅជាផែនទី Bone, UTM និង World Geodetic System 84?អ្វីទៅជាផែនទី Bone, UTM និង World Geodetic System 84? សូមស្តាប់ការពន្យល់របស់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។
Posted by Dap_News_Website on Monday, 24 August 2015
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល