CamNews

ព័ត៌មានជាតិ 

រឹបអូសទូរស័ព្ទណូគៀជិត ១,០០០គ្រឿង ក្នុងហាងទូរស័ព្ទ ២កន្លែង ក្នុងរាជធានី​ភ្នំពេញ សង្ស័យលួច​នាំចូល​ខុស

(ភ្នំពេញ)៖ ទូរស័ព្ទណូគៀជិត ១,០០០គ្រឿង នៅក្នុងហាងទូរស័ព្ទធំៗពីរកន្លែងនៅក្នុងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញាអមសា លាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ប៉ុល រតនា អនុប្រធាននាយកដ្ផាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះបង្រ្កាប និងរឹបអូស បន្ទាប់ពីសង្ស័យថា ទូរស័ព្ទទាំងនេះត្រូវបានលួចនាំចូលដោយខុសច្បាប់។

ការចុះឆែកឆេរ និងរឹបអូសទូរស័ព្ទណូគៀជាច្រើនប្រភេទនេះ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ធ្វើឡើងនៅក្នុងហាងលក់ទូរស័ព្ទ «ដេលី» សាខាចែកចាយផ្ដល់សេវាកម្ម ស្ថិតនៅអគារលេខ ១៧M និង១៨M ផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងមួយកន្លែងស្ថិតនៅហាងលក់ទូរស័ព្ទដៃ «លី ហួរ» ស្ថិតនៅអាគារលេខ១៤E និង១៤F ផ្លូវលេខ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការឆែកឆេររកទូរស័ព្ទណូគៀនាំចូលខុសច្បាប់នេះ បានធ្វើឡើងរហូតដល់ល្ងាចនៅតាមទីតាំងលក់ទូរស័ព្ទមួយចំនួនផ្សេងទៀត។

សមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ការចុះបង្រ្កាបនេះ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនណូគៀ និងក្រុមហ៊ុន Microsoft ដោយសារ ការលួចនាំចូលនេះ ជាការសម្លាប់ទីផ្សាររបស់ក្រុមហ៊ុន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh