ភ្នំពេញ៖ អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងឲ្យដឹងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ នៅថ្ងៃ២ មានប្រជាពលរដ្ឋនៅ ទូទាំងប្រទេសបានមកទស្សនា កំសាន្តមានជាង៥០ម៉ឺននាក់។
លោក ឡុង ឌីម៉ង់បានមានប្រសាសន៍ប្រាប់ LookingTODAY នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា «ក្នុងថ្ងៃទី២មិ្សលមិញនេះ មានអ្នកចូលរួម ទស្សនាពី៤០ ម៉ឺននាក់ទៅ៥០ម៉ឺននាក់ ទាំងថ្ងៃទាំងយប់ ។ នេះដោយសារតែមានភ្លៀងផង បើអត់មានភ្លៀងនឹងមានអ្នកមកទស្សនាច្រើនជាងនេះទៀត»។
ដោយឡែកទាក់ទងទៅនឹងភាពអសកម្មវិញ ត្រូវបាន លោកឡុង ឌីម៉ង់ លើកឡើងថា មិនមានបទល្មើសអ្វីធុំដុំកើតឡើងនោះទេ គឺប្រព្រឹត្តទៅយ៉ាងរលូន ប៉ុន្តែមានករណី ឆក់កាបូបដែរ តែត្រូវបានសមត្ថកិច្ចទប់ស្កាត់បានភ្លាមៗផងដែរ។
លោកបន្ថែមថា សន្តិសុខសណ្តាប់ធ្នាប់ដំណើរការយ៉ាងល្អប្រសើរ ហើយការកកស្ទះ ចរាចរណ៍មានបន្តិចបន្តួចនៅផ្សារអ៊ីអន ប៉ុន្តែកងកម្លាំងសណ្តាប់ធ្នាប់ ដោះស្រាយទាន់ពេលវេលា។
ចំណែកនៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនៃបុណ្យអុំទូកនោះ លោកមិនទាន់អាច សន្និដ្ឋានថាមានអ្នកចូលរួមច្រើននោះទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល