(ក្រុងឡុងដ៍)៖ ក្រុមតោកំណាចជម្រើសជាតិអង់គ្លេស នឹងត្រូវជួបក្រុមជើងខ្លាំងប្រចាំទ្វីបឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ និងទឹកក្រូចហូឡង់ នៅថ្ងៃទី២៦ និង ២៩ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ មុនចាប់ផ្តើមប្រកួត UEFA Euro 2016 នៅប្រទេសបារាំង នេះបើយោងតាម សារព័ត៌មាន BBC ។
ក្រុមកីឡាករអង់គ្លេសបានសម្រាកតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ខែមីនា ឆ្នាំ២០១៦ ទើបមានប្រកួតដែលត្រូវប៉ះ ទល់នឹងក្រុមខ្លាំងប្រចាំទ្វីប អឺរ៉ុបដូចគ្នាហូឡង់ និងក្រុមម្ចាស់ពាន World Cup 2014 នៅប្រទេសប្រេស៊ីល គឹជម្រើសជាតិអាល្លឺម៉ង់តែម្តង ។ លោក Roy Hodgson គ្រូបង្វឹកជម្រើសជាតិអង់គ្លេស នឹងកោះហៅកូនក្រុមជួបជុំគ្នាឡើងវិញនៅសប្តាហ៍ក្រោយនេះ ដើម្បីធ្វើការហ្វឹកហាត់រួមគ្នាត្រៀមប្រកួតមិត្តភាព និងលេងពាន Euro 2016 ផងដែរ ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បានឲ្យដឹងថា “អង់គ្លេស ត្រូវជួប ប្រកួតទល់នឹងម្ចាស់ផ្ទះ អាល្លឺម៉ង់នៅថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុង Berlin មុនសា្វគមន៍ក្រុមជម្រើសជាតិហូឡង់ ៣ថ្ងៃបន្ទាប់នៅកីឡដ្ឋាន Wembley របស់ខ្លួនវិញ” ។
៣ប្រកួតក្នុងពូល B នៃ Euro 2016 របស់ក្រុមជម្រើសជាតិអង់គ្លេស គឺប៉ះរុស្ស៊ី ថ្ងៃទី១១ មិថុនា, ប៉ះវ៉េល ថ្ងៃទី១៦ មិថុនា និងប៉ះក្រុមស្លូវ៉ាគី ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៦ និង៤ប្រកួតជម្រុះ World Cup 2018 នៅរុស្ស៊ី គឺប៉ះក្រុមស្លូវ៉ាគី ថ្ងៃទី០៤ កញ្ញា, ប៉ះក្រុមម៉ាល់តា ថ្ងៃទី០៨ តុលា, ប៉ះក្រុមស្លូវីនី ថ្ងៃទី១១ តុលា និងប៉ះក្រុមស្កុតឡេន ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៦ ៕
គ្រូបង្វឹកអង់គ្លេសលោក Roy Hodgson (ឆ្វេង)
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី