ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី មុននេះបន្តិច ក្រោយពីបានដកស្រង់ សម្តីមន្រ្តី ផ្លូវការ បានចេញផ្សាយ អោយដឹងថា យន្ត ហោះដែលបានបាត់ខ្លួន ពីប្រព័ន្ធ រ៉ាដា មានមនុស្សធ្វើ ដំណើរ ដល់ទៅ ១១៦ នាក់ ពី ប្រទេស Burkina Faso ទៅ Algiers ត្រូវបានគេរកឃើញថាបានធ្លាក់ បាត់ទៅហើយ នៅឯប្រទេស ម៉ាលី ។
ប្រភពបញ្ជាក់ថា យន្តហោះខាងលើ ប្រតិបត្តិការ ដោយក្រុមហ៊ុន អាកាសចរណ៍ជាតិ អាល់ហ្សេរី Air Algerie បានផ្ទុះធ្លាក់ ចម្ងាយប្រមាណ ៥០ គ.ម ពីប្រទល់ដែន ប្រទេស Burkina Faso ។ គួរបញ្ជាក់ ថា ក្រុមអ្នកត្រួតពិនិត្យ ចរាចរណ៍តាមអាកាស បានបាត់ការទាក់ទង ជាមួយនឹង យន្តហោះ ខាងលើ ក្រោយពីអ្នកបើកយន្តហោះ បានរាយការណ៍អោយដឹងថា មានព្យុះភ្លៀង ដ៏ធ្ងន់ធ្ងរ ដោយនៅក្នុងនោះ អ្នកដំណើរ ៥១ អ្នកជាជនជាតិបារាំង ស្របពេលដែលសេចក្តីរាយការណ៍ បញ្ជាក់ថា យន្តហោះ The McDonnell Douglas MD-83 មានជើងហោះហើរ AH 5 017 បានជួលពីក្រុមហ៊ុនអាកាសចរណ៍ អេ ស្ប៉ាញ Swiftair ។
ភ្នាក់ងារសារព័ត៌មាន Associated Press ចេញ ផ្សាយអោយដឹងថា ទូរទស្សន៍ ជាតិ ប្រទេសម៉ាលី បញ្ជាក់អោយដឹងថា បំណែកយន្តហោះ ខាងលើ ត្រូវបានគេរកឃើញ និងបញ្ជាក់បានថាពិតជាបាន ធ្លាក់ពិតប្រាកដមែន នៅឯភូមិ Boulikessi បន្ទាប់ពីបានរកឃើញ ដោយការហោះហើរ តាមរយៈ ឧទ្ធ ម្ភាគចក្រ របស់ប្រទេស Burkina Faso ។
លោក Gilbert Diendere មេបញ្ជាការយោធា ប្រទេស Burkina Faso បញ្ជាក់ អោយដឹងថា ខ្លួនបាន សម្រេចចិត្ត សហការភ្លាមៗជាមួយនឹង ប្រទេសជិតខាង ប្រទេសម៉ាលី ក្នុងការតាមប្រមាញ់រកយន្ត ហោះធ្លាក់ខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ភ្លាមៗ ពីក្រុមអ្នកភូមិ ថាពិតជាបានឃើញ យន្ត ហោះធ្លាក់ពិតប្រាកដមែន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី