CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៤​រ៉ិចទ័រ​ដ៏​កក្រើក វាយ​ប្រហារ​ចំ​កណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី

(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលមានកម្រិត ៦.៤រ៉ិចទ័របានវាយប្រហារខេត្ត East Nusa Tenggara នៃភាគ កណ្តាលប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែសំណាងល្អពុំបានបង្កជារលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមទីភ្នាក់ងារឧតុនិយម និងរូបសាស្ត្រនៃផែនដីឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៨៖១៣នាទីព្រឹក (ម៉ោងនៅក្នុងរដ្ឋធានីហ្សាការតា) នៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រភាគឦសាននៃខេត្ត Flores Timur និងមានជម្រៅដល់ទៅ ៥២៥គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។

ទោះជាបែបនេះក្តី ទីភ្នាក់ងារដដែលមិនបានចេញសេចក្តីព្រមាន អំពីរលកយក្សស៊ូណាមិដែលបង្កឡើងដោយគ្រោះរញ្ជួយដីមួយនេះឡើយ ហើយមកទល់ពេលនេះ ក៏ពុំមានសេចក្តីរាយការណ៍ណាមួយដែលការញ័ររញ្ជួយបានជះឥទ្ធិពលទៅដល់តំបន់ដទៃៗទៀតនោះដែរ។

គួរបញ្ជាក់ដែរថា ឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែលងាយនឹងទទួលរងនូវការវាយប្រហារសារគ្រោះមហន្តរាយរញ្ជួយដីជាទីបំផុត ព្រោះថាទីតាំងភូមិសាស្រ្តរបស់ប្រទេសប្រជុំកោះមួយនេះ ស្ថិតនៅចំតំបន់ដែលគេហៅថា «The Pacific Ring of Fire»៕


ប្រភព ៖​ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Indonesia,  plane,  int news,  plane crash