(ភ្នំពេញ)៖ ជាមួយការបង្ហោះរូបភាពជាច្រើន បង្ហាញពីសកម្មភាព នៃការថតសម្តែងភាពយន្ត ប្រវត្តិសាស្ត្រខ្មែរគឺរឿង «ហ្លួងព្រះស្តេចកន» តារាសម្តែងសម្តីផ្អែម ស្រអែមស្រស់កញ្ញា សុខ ស្រីម៉ុច បានប្រាប់ពីអារម្មណ៍រំភើប និងសប្បាយចិត្តថា ពេលសម្តែងរឿងប្រវត្តិសាស្ត្រខ្មែរបែបនេះ គឺបេះដូងនាង ហាក់រត់មកនៅខាងឆ្វេង នាងស្រលាញ់លិល្បៈខ្មែរជាតិខ្មែរ ដែលរំឭកពីប្រវត្តិសាស្ត្រ ប្រាប់ឲ្យក្មេងៗជំនាន់ក្រោយ បានដឹងកាន់តែច្បាស់នោះ។
តារាស្រីកញ្ញា សុខ ស្រីម៉ុច បានប្រាប់គេហទំព័រ Khmertalking តាមទូរស័ព្ទនៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៦នេះថា «ច៎ា..បង! ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលភាគីខាងអ្នកដឹកនាំរឿង គាត់បានជ្រើសយកខ្ញុំ ឲ្យមានវត្តមានចូលសម្តែង នៅក្នុងភាពយន្តខ្នាតធំដូច្នេះ។ ខ្ញុំពិតជារំភើបស្ទើររកអ្វីនិយាយគ្មាន ព្រោះកន្លងមកធ្លាប់តែសម្តែងរឿង លក្ខណៈស្នេហ៍បែបយុវវ័យ តែពេលនេះស្រាប់តែមានឱកាសសម្តែង រឿងនិយាយពីប្រវត្តិសាស្ត្រខ្មែរ.!»។
កញ្ញាសុខ ស្រីម៉ុច បានបញ្ជាក់ថា សម្រាប់ការសម្តែងនៅក្នុងផ្ទៃសាច់រឿងនេះ គឺនាងបានតំណែងជាតួស្រីស្នំ តែមិនមែនជាស្នំឯកឡើយ ពោលគឺស្នំរបស់ស្តេច ក្នុងចំណោមគ្នា៤នាក់។ ចំណែកឯទីកន្លែង ដែលនាងត្រូវចុះថតភាគច្រើន គឺនៅលើកទឹកដីខេត្តសៀមរាបអង្គរ (ទីតាំងអង្គរធំ)។
ជាមួយគ្នានេះ តារាសម្តែស្រីស្រស់ កញ្ញា សុខ ស្រីម៉ុច ក៏បានដាក់ក្តីសង្ឃឹមថា បន្ទាប់ពីរឿងនេះថត ចប់ហើយចាក់បញ្ចាំង នឹងមានការគាំទ្រច្រើនពីសំណាក់មហាជន ព្រោះនេះជារឿងប្រវត្តិសាស្រ្តរបស់ខ្មែរ។ ដូច្នេះអាចនឹងមានមជ្ឈដ្ឋានមហាជនជាច្រើនរង់ចាំតាមដានទស្សនា ខណៈដែលផ្ទៃសាច់រឿងទាំងមូល មានលក្ខណៈខុសប្លែក ពីភាពយន្តធម្មតា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង