(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញវត្តមាន ចូលសម្តែងជាថ្មី ក្រោយបាត់មុខពីវិស័យសិល្បៈ អស់មួយរយៈមកនោះ តារាសម្តែងចង្កាស្រួច កញ្ញា សុខ ស្រីម៉ុច ពេលនេះបានចាប់ផ្តើម មានទីផ្សារសិល្បៈឡើងវិញ ជាមួយការគ្រងតំណែង ធ្វើជាប្រព្ធរបស់តារាកំប្លែង ដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍ CTN គឺនាយ ពែកមី ក្នុងភាពយន្តថ្មី មានចំណងជើងថា «អំបិល»។
ថ្លែងប្រាប់ឲ្យដឹង តាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៦នេះ តារាសម្តែងសម្តីផ្អែម កញ្ញា សុខ ស្រីម៉ុច បាននិយាយថា «ច៎ាបង.! សម្រាប់អាជីពសិល្បៈរបស់ខ្ញុំ បច្ចុប្បន្ន គឺមានភាពមមាញឹកគួរសម ក្រោយពីខ្ញុំបានប្រកាស ទទួលយកកាសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកសម្តែង មួយរយៈពេលខ្លី ដោយសារសំងំសម្រកទម្ងន់ អស់រយៈពេល២ឬ៣ខែ មកនោះ!»។
តារាសម្តែងកញ្ញា សុខ ស្រីម៉ុច បាននិយាយទៀតថា បច្ចុប្បន្ននាងក៏កំពុងបង្ហាញវត្តមាន សម្តែងក្នុងខ្សែភាពយន្ត របស់ស្ថានីយទូរទស្សន៍ CTN គឺរឿង «អំបិល» ដែលនាងត្រូវសម្តែង ធ្វើជាប្រពន្ធតារាកំប្លែងនាយ ពែកមី។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក៏មានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានទំនាក់ទំងហៅនាងឲ្យទៅសម្តែង ក្នុងរឿងថ្មីផងដែរ។
កញ្ញា សុខ ស្រីម៉ុច បាននិយាយបន្ថែមថា ចាប់ពីពេលនេះទៅ នាងនឹងបន្តខិតខំប្រឹងបញ្ចេញ សមត្ថភាពសម្តែងឲ្យអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែងយកទីផ្សារគាំទ្រ ពីសំណាក់ទស្សនិកជន នាពេលបច្ចុប្បន្ន ដោយមិនគិតថា ត្រូវបានតំណែងជាតួអ្វីនោះឡើយ ពោលគឺធ្វើយ៉ាងណាឲ្យអាជីពសិល្បៈរបស់នាងកាន់ តែមានភាពរីកចម្រើន ដូចតារាប្រុស-ស្រីឯទៀត។ ម្យ៉ាងទៀតដោយសាតែអំឡុង ពេលនាងចាប់ផ្តើមវិលចូលសល្បៈនេះឡើងវិញ ឃើញថា មានបណ្តាផលិតករមួយចំនួន បានចាប់អារម្មណ៍ទាក់ទងហៅថតនោះ ទើបធ្វើឲ្យនាងកាន់តែមានទំនុកចិត្ត និងក្តីសង្ឃឹមខ្ពស់ ដើម្បីបន្តអាជីពនេះទៅមុខទៀត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង