(ភ្នំពេញ)៖តារាសម្តែងនៅក្នុងរឿង«ជីវិតនាងរក្សា» ធ្លាប់បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ MyTV កញ្ញា សុខ ស្រីម៉ុច បានប្រាប់ ហ្វ្រេសញូវ តាមទូរស័ព្ទថា បច្ចុប្បន្នអាជីពសិល្បៈ តួសម្តែងខ្សែភាពយន្ត និងចម្រៀងរបស់នាង គឺចាប់ផ្តើមដំណើរការទៅមុខយ៉ាងរលូនជាថ្មី។ ម្យ៉ាងទៀតពេលនេះនាង ក៏កំពុងតែ មានឱកាសច្រើន សម្រាប់ការបង្ហាញខ្លួន តាមរយៈការសម្តែង នៅក្នុងរឿង និងច្រៀងតាមបណ្តា កម្មវិធីប្រគំតន្រ្តីនានា។
តារាសម្តែងសម្តីផ្អែម កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ទៀតថា «ឈានចូលដល់ដំណាច់ឆ្នាំ២០១៥នេះ ទីផ្សារសិល្បៈរបស់ខ្ញុំហាក់មានស្ទុះឡើងវិញ។ ពិសេសម្រាប់ឆ្នាំថ្មី២០១៦ខាងនេះ គឺខ្ញុំទទួលបានការងារសិល្បៈច្រើន ហើយក៏មានគម្រោងចេញទៅក្រៅ ប្រទេសទៀតផង.»។
កញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់ថា ការដែលនាងបាត់មុខពីទីផ្សារសិល្បៈ អស់មួយរយៈពេលខ្លីនោះ គឺមកពីជាប់រវល់ការងារផ្ទាល់ខ្លួន។ ប៉ុន្តែឥឡូវនេះ នាងចាប់ផ្តើមទទួលយកការអញ្ជើញឲ្យថតសម្តែង និងចេញច្រៀងតាមកម្មវិធីផ្សេងៗវិញហើយ។ ជាងនេះទៀត នៅឆ្នាំ២០១៦ខាងមុខនេះ ជាឆ្នាំហុងស៊ុយ ផ្តល់ការងារច្រើនសម្រាប់ នាងផងដែរ។
តារាសម្តែង ដែលកំពុងទទួលបានផ្លែផ្កា ពីអាជីពការងារសិល្បៈច្រើន កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ឲ្យដឹងទៀតថា នាងនឹងខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនឯងបន្តទៀត ដើម្បីឲ្យអាជីសិល្បៈរបស់នាង កាន់តែជោគជ័យខ្លាំង និងមានការគាំទ្រកាន់តែច្រើនបន្ថែមទៀត ពីសំណាក់ទស្សនិកជន។ មិនតែប៉ុណ្ណោះ នាងសង្ឃឹមថា នៅថ្ងៃណាមួយខ្លួននឹងអាចជោគជ័យ កាន់តែខ្លាំងជាងនេះ ។
គួររំឭកថា កញ្ញា សុខ ស្រីម៉ុច ក្រោយពីល្បីឈ្មោះគួរសម តាមរយៈតួសម្តែងភាពយន្តទាំងខ្នាតតូចនិងខ្នាតធំឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍នានាមក បានធ្វើឲ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ខ្លាំង រាល់សកម្មភាពក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជនផ្ទាល់ខ្លួន ទាក់ទងនឹងជីវិតស្នេហាក្រៅឆាក ខណៈបណ្តាញសារព័ត៌មានក្នុងស្រុក ពុំសូវមានការលើកឡើង ពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង នោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី