CamNews

ព័ត៌មានជាតិ 

លោកប្តីកំហូចដឹកស្រីស្នេហ៍ ទៅដើរលេងផ្សាររាត្រី តែប្រពន្ធតាមទាន់ បត់រថយន្តបុកប្រពន្ធ ផ្ទប់នឹងតូបលក់ដូរ

(បន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បន្ទាប់ពីបញ្ជូនទៅ ដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ខណៈត្រូវប្តីកំហូចបត់រថយន្តបុកផ្ទប់ ទៅនឹងតូបលក់ដូរមួយ ក្នុងផ្សាររាត្រី នៅពេលដែលតាមទាន់ប្តីរូបនោះ កំពុងតែដឹកស្រីស្នេហ៍ដើរលេង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោង១៩៖២០នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅចំនុចជិតផ្សាររាត្រី ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ករណីនេះគឺមកពីប្រពន្ធតាមទាន់ប្តី កំពុងដឹកស្រីស្នេហ៍ដើរលេង ហើយប្តីភ័យក៏បត់រថយន្តត្រឡប់ក្រោយ ឃើញដូច្នេះប្រពន្ធ ក៏រត់កាត់ពីមុខរថយន្តបំណង ទៅបើកទ្វារខាងស្រីស្នេហ៍ តែចៃដន្យក៏ត្រូវរថយន្តរបស់ប្តី បុកគៀបជាប់នឹងតូបលក់ដូរតែម្តង។

ក្រោយកើតហេតុបុរសជាប្តី ក៏ស្ទុះចុះមកបីត្រកងសពប្រពន្ធ និងស្រែកយំយ៉ាងខ្លាំង ប៉ុន្តែវាហួសពេលបាត់ទៅហើយ មិនអាចសងអ្វីដែលខ្លួនបានធ្វើនោះឡើយ។ ដោយឡែកស្រីស្នេហ៍វិញ ក្រោយកើតហេតុបានចុះពីរថយន្ត គេចខ្លួនបាត់ស្រមោល៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh