(ឡូសអាន់ជឺឡែស)៖ រូបសំណាកស្រាតននលគក របស់បេក្ខភាព ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដាក់លក់ដេញថ្លៃ ក្នុងតម្លៃដ៏ខ្ពស់មួយក្នុងទីក្រុង Los Angeles រហូតដល់ទៅ ២២,០០០ ដុល្លារ ហើយដែលប្រាក់មួយផ្នែក នឹងត្រូវផ្ដល់ទៅឲ្យអង្គការគាំទ្រជនភៀសខ្លួន។ នេះបើយោងតាមការចេញ ផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ CBS Los Angeles នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦។
ជុំវិញដាក់លក់រូបសំណាកនេះដែរ អ្នករៀបចំការលក់ លោក Juliens Auctions បានឲ្យដឹងថារូបសំណាក់ លោកត្រាំ ដែលត្រូវបង្កើតឡើង ដោយក្រុមវិចិត្រករអានាមិក បានក្លាយជាប្រធានបទ ជជែកដេញដោលមួយ ដ៏សំខាន់ ដោយកាលពីដំបូងឡើយ រូបសំណាក់ បេក្ខភាពប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណៈរដ្ឋ រូបនេះត្រូវគេប្រកាសថា នឹងតម្លើងនៅតាមសួនសាធារណៈ ក្នុងទីក្រុង New York, Los Angeles, San Francisco, Cleveland និងទីក្រុង Seattle។
សូមជំរាបថា ការយកប្រាក់មួយផ្នែក នៃការលក់រូបសំណាកខាងលើ ទៅជួយដល់ជនភៀសខ្លួនអាចនិយាយ បានថា ជាការបញ្ឈឺមួយ ពោលគឺវាផ្ទុយទាំងស្រុង នឹងគោលនយោបាយអន្តប្រវេសន៍ របស់លោក ដូណាល់ ត្រាំ ដែលធ្លាប់សន្យាថា នឹងសាងសង់ជញ្ជាំងមួយនៅតំបន់ព្រំដែន ជាប់ប្រទេសម៉ិចសិក ក៏ដូចជាបណ្ដេញជន អន្តោប្រវេសន៍ខុសច្បាប់ រាប់លាននាក់ចេញពីសហរដ្ឋអាមេរិក នៅក្នុងករណីលោកជាប់ឆ្នោតជា ប្រធានាធិបតី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង