Irineu Cruz និង Jucicleide Silva គឺជាប្ដីប្រពន្ធមួយគូដ៏ពិសេស រស់នៅក្នុងតំបន់ Concei ao de Coit ប្រទេសប្រេស៊ីល។ ដើម្បីបង្កើតបានកូនស្រី ពួកគេបានប្រឹងប្រែងក្នុងរយៈពេលជិត ២០ឆ្នាំ ប៉ុន្តែ ការប្រឹងប្រែងរបស់ពួកគេ បែរជាទទួលបានមកវិញនូវកីឡាករបាល់ទាត់មួយក្រុម។
កូនប្រុសតូចបំផុត មានអាយុ ១ខែ ចំណែកកូនប្រុសច្បង មានអាយុ ១៨ឆ្នាំ។ យ៉ាងនេះក្ដី ប្ដីប្រពន្ធមួយគូនេះ នៅតែប្ដេជ្ញាចិត្ត បង្កើតឱ្យបានកូនស្រីម្នាក់។
នៅពេលមានផ្ទៃពោះកូនដំបូង ពីរនាក់ប្ដីប្រពន្ធបានដាក់ចេញនូវ “បទបញ្ជាមួយ” ៖ បើសិនកូនកើតមកជាកូនប្រុស គឺប្ដីជាអ្នកដាក់ឈ្មោះ តែបើសិនជាកូនស្រី ប្រពន្ធជាអ្នកដាក់ឈ្មោះ។ លទ្ធផលមកដល់ពេលនេះ Jucicleide Silva (ប្រពន្ធ) មិនទាន់មានសិទ្ធិដាក់ឈ្មោះឱ្យកូនស្រីនៅឡើយ។
Jucicleide Silva សង្ឃឹមថា ការមានផ្ទៃពោះលើកទី ១៣នេះ នឹងមានការផ្លាស់ ហើយកូនទី១៣ នឹងជាកូនស្រី។ ប៉ុន្តែ ក្ដីសង្ឃឹមនេះ បានរលត់ទៅវិញ បន្ទាប់ពីគ្រូពេទ្យប្រាប់ថា “កូនប្រុសទៀតហើយ”។
Irineu Cruz ជាប្ដី អាយុ ៤០ឆ្នាំ បានដាក់ឈ្មោះឱ្យកូនប្រុស សុទ្ធតែផ្ដើមដោយអក្សរ R ព្រោះថា គាត់រកឃើញថា កំពូលតារាបាល់ទាត់របស់ប្រេស៊ីល ភាគច្រើនមានឈ្មោះផ្ដើមដោយអក្សរ R ដូចជា Rivaldo, Roberto Carlos, Ronaldinho ឬ Robinho។
កូនប្រុសពៅត្រូវបានដាក់ឈ្មោះថា Ronaldo ចំណែកបងៗរបស់ Ronaldo មានឈ្មោះជាបន្តបន្ទាប់គឺ ៖ Robson (១៨ឆ្នាំ), Reinan (១៧ឆ្នាំ), Rauan (១៥), Rubens (១៤), Rivaldo (១៣), Ruan (១២), Ramon (១០), Rincon (៩), Riquelme (៧), Ramires (៥), Railson (៣) និង Rafael (២ឆ្នាំ)។
Irineu Cruz និង Jucicleide ឱ្យដឹងថា ពួកគេពិតជាស្រឡាញ់ក្រុមបាល់ទាត់ដែលខ្លួនបានបង្កើតឡើង។ ជារៀងរាល់សប្ដាហ៍ Irineu Cruz តែងតែបង្កើតកម្មវិធីប្រកួតបាល់ទាត់ រវាងក្រុមដែលជាកូនរបស់ខ្លួន និងក្រុមដែលជាកូនរបស់អ្នកស្រុកក្នុងភូមិ។
Jucicleide Silva ថ្លែងថា ខ្លួនមានសង្ឃឹមថា ថ្ងៃណាមួយ នឹងមានឱកាសដាក់ឈ្មោះឱ្យកូនស្រីរបស់ខ្លួន៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ thesun