(អាមេរិក)៖ ប៉ូលីសនៅរដ្ឋផ្លរីដា បានសម្តែងការភ្ញាក់ផ្អើល ជាខ្លាំងនៅពេលដែលពួកគេចាប់បាន ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ដែលជាចោរលួចរថយន្ត របស់បុរសវ័យចំណាស់ ដែលមានអាយុ ៨៩ឆ្នាំទៅហើយ យកទៅជិះលេងរហូតដល់ ជួបឧបទ្ទវហេតុគ្រោះថ្នាក់ ដោយចៃដន្យ។
តាមហេតុការណ៍ឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសចំណាស់ ជាម្ចាស់រថយន្តឈ្មោះ Raymond Raferty បានឈប់រថយន្ត នៅឯស្ថានីយចាក់សាំង Chevron ស្ថិតនៅផ្លូវ Petersburg ក៏ស្រាប់តែក្មេងប្រុស ជាចោរបានជិះកង់ចូលមកឈប់ជជែក ជាមួយគាត់ដោយប្រាប់ថា កង់របស់គេពិបាកជិះណាស់វាធូរ ហើយពេលនោះ Raferty ក៏ចុះពីរថយន្តទៅជួយមើល។
ឃើញឱកាសល្អក្មេងប្រុសកំហូចក៏ហក់ឡើងកៅអី អ្នកបើកបររួចបញ្ឆេះរថយន្ត ចេញទៅតែម្តង ធ្វើឲ្យបុរសចំណាស់ហួសចិត្ត ក្រៅពីស្រែកឆោឡោ ព្រោះមិននឹកស្មានថា ក្មេងដ៏តូចម្នាក់បែរជាហ៊ានប្រព្រឹត្ត ទង្វើចោរកម្មបែបនេះទេ ។ រីឯប៉ូលីសក៏គិតមិនដល់ដែរថា ក្មេងប្រុសរូបនេះធ្លាប់ ត្រូវបានចាប់ខ្លួនប្រមាណ២០ដងមកហើយ ចំពោះករណីនេះតាំងតែពីគេ មានអាយុ៩ឆ្នាំ ប៉ុន្តែកន្លងមកពុំមានរថយន្ត របស់នរណាម្នាក់រងការខូចខាតទេ ទើបតែពេលនេះរថយន្តរបស់ Raferty ទទួលរងការខូចខាតខ្លះ អាចមកពីក្មេងប្រុសបើកទៅបុកនឹងអ្វីមួយ មុនពេលដែលគេត្រូវប៉ូលីសចាប់ខ្លួនបាន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី