(ភ្នំពេញ)៖ តារាចម្រៀងលេចធ្លោ និងមានប្រជាប្រិយខាងកិច្ចការងារសង្គម លោក ទិត្យ វិច្ឆិកា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ជាផ្លូវការ ជាមួយនារីវ័យក្មេងរូបស្អាតម្នាក់ ក្រោយពីពួកគេបានស្គាល់គ្នា អស់រយៈពេលជាច្រើនឆ្នាំមកនោះ។ មិនតែប៉ុណ្ណោះក្នុងពិធីភ្ជាប់ពាក្យ របស់លោក ទិត្យ វិច្ឆិកា គេក៏សង្កេតឃើញ មានការអញ្ជើញភ្ញៀវកិត្តិយស ចូលរួមច្រើន ក្រៅតែពីឪពុក-ម្តាយទាំងសងខាង។
បង្ហោះភ្ជាប់ជាមួយរូបថត ជាច្រើនសន្លឹកនៃពិធីភ្ជាប់ពាក្យនេះ លោក ទិត្យ វិច្ឆិកា ក៏បាននិយាយថា «ខ្ញុំសូមគោរពនឹងថ្លែងអំណរគុណ ចំពោះលោកឪពុកអ្នកម្តាយលោកពូអ្នកមីងជាទីស្រឡាញ់ ព្រមទាំងបងប្រុសបងស្រីទាំងសងខាង ហើយខ្ញុំបាទ ក៏សូមអរគុណសំឡាញ់ទាំងអស់គ្នា ដែលបានមកចូលរួម។ ពេលនេះខ្ញុំចង់និយាយថា ខ្ញុំស្រឡាញ់អ្នកមានគុណណាស់ ព្រោះអ្នកមានគុណមានចិត្តមេត្តា សណ្តោសប្រណីមកដល់រូបខ្ញុំបាទ!»។
តារាចម្រៀង លោក ទិត្យ វិច្ឆិកា បានបន្តថា «ខ្ញុំក៏សូមក្រាបថ្វាយបង្គំ ទៅដល់ទេវតា ដែលបានផ្តល់នារីម្នាក់ ដែលមានចិត្តសប្បុរស ចេះស្រឡាញ់នឹងយល់ចិត្ត អ្នកមានគុណជាពិសេសគាត់មិនដែល និយាយពាក្យថា នឿយហត់នោះទេ ពេលដែលចេញទៅតាមតំបន់ដាច់ស្រយាល ដើម្បីជួយសង្គម ជាមួយនឹងខ្ញុំ។ អរគុណអូន ដែលបានយល់ព្រមធ្វើជាភរិយា របស់បង»។
ជាមួយគ្នា នៃដំណឹងភ្ជាប់ពាក្យរបស់លោក ទិត្យ វិច្ឆិកា នេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេកត់សម្គាល់ឃើញថា មានទស្សនិកជនជាច្រើន បានសម្តែងការភ្ញាក់ផ្អើល ខណៈនៅសុខៗស្រាប់តែ លោក ទិត្យ វិច្ឆិកា ភ្ជាប់ពាក្យជាមួយនារីវ័យក្មេង ឈ្មោះ កុយ សុផាឡា យ៉ាងស្រស់ស្អាតបែបនេះ។ ម្យ៉ាងទៀតក្នុងនោះ ក៏មានមហាជនខ្លះទៀត បានផ្ញើសារជូនពរគូស្នេហ៍ របស់អ្នកទាំងពីរឲ្យសមតាមបំណង រហូតទៅថ្ងៃអនាគតផងដែរ៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង