CamNews

កីឡាអន្តរជាតិ 

Sevilla ទម្លាក់ Celta Vigo ដើម្បី​ឡើង​ទៅ​ជួប Barca វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Copa del Rey (Video)

(ម៉ាឌ្រីដ)៖ ក្រុម Sevilla បានសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការឡើងទៅជួបក្រុមការពារតំណែងជើងឯក FC Barcelona នៃពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ក្រោយពីទម្លាក់គូប្រជែង Celta Vigo ៦-២ ទាំងពីរជើងរួចមក ។

ការទប់បានស្មើ ២-២ របស់ Sevilla បញ្ចប់ជើងទី២យប់នេះ បានធ្វើឲ្យម្ចាស់ផ្ទះ Celta Vigo ហាលអាវត្រឹមវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រតែម្តង ដោយមិនអស់ចិត្តក្នុងផ្ទះរបស់ខ្លួន ដោយសារតែរបូតរហូតដល់ទៅ ៤-០ កាលពីជើងទី១ ក្នុងផ្ទះរបស់ Sevilla ដែលលំបាកស្រោចស្រង់ជាទីបំផុត ។

Celta Vigo បានសម្រុកយ៉ាងខ្លាំងដើម្បីស្វែងរកឲ្យបានច្រើនគ្រាប់ និងនាំមុខ ២-០ មុនផងដែរនៅនាទីទី៣៥ និង ៥៥ ពីការធ្វើបានសម្រេច ដោយកីឡាករ Iago Aspas ទាំងពីរគ្រាប់ និងមិត្តរួមក្រុម John Guidetti ប៉េណាល់ទី១គ្រាប់អត់ចូលនៅនាទីទី៦០ តែត្រូវបាន Ever Banega និង Yevheniy Konoplyanka រកបាន២គ្រាប់វិញឲ្យ Sevilla ត្រឹមនាទីទី៥៧ និង៨៧ចុងម៉ោងទម្លាក់ Celta Vigo បានសម្រេច ។

សូមបញ្ជាក់ដែរថា វគ្គផ្តាច់ព្រ័ត្រក្នុងការប្រជែងយកពាន Copa del Rey រដូវកាលឆ្នាំ២០១៥-២០១៦ នេះ នឹងត្រូវធ្វើឡើងតែ១ប្រកួតប៉ុណ្ណោះ (១ជើង) នារាត្រីថ្ងៃទី២១ ឆ្លងចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២៖០០នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី