(ភ្នំពេញ)៖ អតីតតារាចម្រៀងស្រីល្បី ក្នុងផលិតកម្ម រ៉ក់ កញ្ញា ផន នីដា ហៅ ស្រីខួច បច្ចុប្បន្នជាតារាចម្រៀងក្នុងផលិតកម្ម ហង្សមាស អស់រយៈជិតបីឆ្នាំ នៃការចូលជ្រកកោន ក្នុងផលិតកម្មថ្មីនេះ តែតារាចម្រៀងស្រី ផន ស្រីខួច បែរជាគ្មានបទចម្រៀងសម័យណាមួយ គួរឲ្យទាក់ទាញទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនឡើយ ក្រៅពីបទចម្រៀង បែបប្រពៃណីបុរាណៗ ឆ្លើយឆ្លងជាមួយលោក យក់ ដួងតារា ឬ លោក រិន សាវ៉េត ប៉ុណ្ណោះ ។
កញ្ញា ផន ស្រីខួច ត្រូវបានគេដឹងថា ចូលច្រៀងដំណាលគ្នា ជាមួយតារាចម្រៀងស្រី សួស វីហ្សា តែបើក្រឡេកមើលទៅលើផលិតកម្មវិញ ហាក់យកចិត្តទុកដាក់លើ សួស វិហ្សា ខ្លាំងជាង ទោះអ្នកទាំងពីរមកពីទ្រនំដូចគ្នាក៏ដោយ ។ សួស វីហ្សា ចេញបទចម្រៀងហូរហែ មានទាំងឆ្លើយឆ្លង ជាមួយអ្នកនេះ ឆ្លើយឆ្លងជាមួយអ្នកនោះ តែស្រីខួចស្ងាត់ដូចចោរលួចសេះ។
កញ្ញា ផន ស្រីខួច បានប្រាប់់ Khmertalking ថា ផលិតកម្មហង្សមាស កំពុងតែត្រៀមចេញបទចម្រៀងថ្មី ឲ្យនាងបន្ថែមទៀតហើយ ដែលនិពន្ធជាពិសេសដោយ លោក សួន ពិសិដ្ឋ កវិនិពន្ធដែលរើកញ្ជើរមកពីផលិតកម្មរ៉ក់ដូចគ្នា ។ បទចម្រៀងថ្មី គឺមានការនិពន្ធថ្មីសន្លាង មិនចំឡងពីគេ នឹងមានស្ទីលច្រៀងថ្មីៗទៀតផង តែស្រីខួច មិនទាន់ដឹងថា នឹងត្រូវចេញបទចម្រៀង ជាមួយតារាច្រៀងរូបណាទេ គ្រាន់តែដឹងថា នាងមានបទចម្រៀងថ្មី ហើយក៏មិនទាន់ចាប់ដៃគូ ជាមួយតារាចម្រៀងរូបណាដែរ ។ ផន ស្រីខួច ជឿជាក់លើស្នាដៃលោក សួន ពិសិដ្ឋ ព្រោះលោកធ្លាប់ធ្វើការជាមួយនាង ។
ថ្វីដ្បិតតែ ផន ស្រីខួច ហាក់ស្ងប់ស្ងាត់បន្តិច ក្នុងអាជីពចម្រៀង ប៉ុន្តែនាងនៅតែមានការងារធ្វើ ដូចជាច្រៀងក្នុងកម្មវិធីផ្សេងៗហូរហែ ពិសេសដំណាច់ឆ្នាំនេះ នាងច្រៀងតាមកម្មវិធីប្រគំតន្រ្តីតាមខេត្ត មិនដាច់ឡើយ ។ ទោះបីជា ផន ស្រីខួច ហាក់ស្ងាត់ស្ងាត់តែរូបសម្រស់ ក្នុងក្នុងវ័យ២៤ឆ្នាំ នៅតែស្រស់ស្អាត ពិសេសនាងពូកែតុបតែងខ្លួន បែបស៊ិចស៊ីស្អាតខុសពីកាល នៅផលិតកម្មចាស់ដាច់តែម្ដង ។ បើប្រៀបធៀបជាមួយតារាចម្រៀង ក្នុងអតីតផលិតកម្មរ៉ក់ដូចជានាង ម៉ុក អានីត នាង ខៀវ ដាឡិច នាងហាក់ល្បីល្បាញជាងឆ្ងាយណាស់ ព្រោះមានផលិតម្មត្រឹមត្រូវ និងមានក្រេឌីតជាង ៕









ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី