(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលអ្នករស់នៅជិតខាងផ្ទះប្រពន្ធចុង របស់អតីតពិធីករ លោក លាន អាព្រីលគីនីន បានឃើញប្រពន្ធដើម របស់លោក ដឹកដៃកូនប្រុសម្នាក់ ទៅរករឿងប្រពន្ធចុង ដល់ផ្ទះបង្កឲ្យផ្ទុះជាជម្លោះបែកអូរហូរជាស្ទឹង ទម្រាំតែសមត្ថកិច្ចមកដល់ ដើម្បីសម្របសម្រួល ហៅពួកគេទាំងអស់គ្នា ទៅកាន់សង្កាត់បឹងសាឡាង ដើម្បីដោះស្រាយគ្នា។
ហេតុការណ៍នេះ បានកើតឡើងនា ម៉ោងប្រមាណ២៖២០នាទី រសៀលថ្ងៃទី១៥ ខែឧសភា នៅផ្ទះជួលលេខ១៨ ជាន់ទី១ ផ្លូវលេខ២៦១ ស្ថិតនៅក្រុមទី១៣ ភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បង្កឲ្យផ្អើលអស់អ្នកជិតខាង បន្ទាប់ពីពួកគេឮសូរសម្លេង ជេរបញ្ចោគ្នាខ្លាំងៗ ពីសំណាក់ភាគីប្រពន្ធដើម និងប្រពន្ធចុង ខណៈដែលលោក លាន អាព្រីលគីនីន បានត្រឹមតែទទូចអង្វរ កុំឲ្យភរិយាបណ្ដូលចិត្តទាំងពីរ កុំឲ្យឈ្លោះគ្នា ព្រោះលោកមិនចង់បាត់បង់នរណាម្នាក់ ពីដើមទ្រូងឡើយ។
ទោះបីជាយ៉ាងណា ការឈ្លោះដណ្តើមប្តីគ្នា ផ្អើលគេផ្អើលឯង លែងគិតពីការអៀនខ្មាសនេះ ពុំបង្កទៅជាអំពើ ហិង្សាបណ្តាលឲ្យមានអ្នករងរបួសឡើយ ប៉ុន្តែបានធ្វើឲ្យមាន ការភ្ញាក់ផ្អើលដល់ ប៉ូលិសចុះទៅណែនាំ ឲ្យទៅជួបគ្នាដោះស្រាយនៅសាលាសង្កាត់ ខណៈដែលប្រពន្ធរបស់លោក លាន អាព្រីលគីនីន ទាំងពីរនាក់នោះមិនត្រូវបានស្គាល់ឈ្មោះ នោះទេ។
ជុំវិញជម្លោះដណ្ដើមប្ដីគ្នា ពីសំណាក់ប្រពន្ធទាំងពីររបស់លោក លាន អាព្រីលគីនីន ប្រៀបបីដូចជារឿងភាគថៃ នៅពេលនេះ Khmertalking មិនទាន់អាចទាក់ទង លោក លាន អាព្រីលគីនីន ដើម្បីបំភ្លីបានទេ នៅថ្ងៃនេះ ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក លាន អាព្រីលគីនីន មានប្រពន្ធលួចលាក់ ហើយត្រូវប្រពន្ធដើមមកតាមរករឿង ឈ្លោះជេរបញ្ចោ នាងជាប្រពន្ធចុង ខណៈដែលកាលពីប្រមាណជា១ឆ្នាំមុន ក៏គេនាំចាំបានថា ធ្លាប់កើតរឿងបែបនេះម្ដងមកហើយដែរ ខណៈដែលប្រពន្ធរបស់លោក លាន អាព្រីលគីនីន បានទៅរករឿងឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃក នៅបឹងសាឡាងនេះដូចគ្នា ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង