អង្គការសុខភាពពិភពលោក (WHO ) បាននិយាយកាលពីថ្ងៃអង្គារនេះថា៖ ករណីនៃការ ផ្ទុះឡើងជំងឺ Ebola នៅក្នុងប្រទេសទាំង៤ រួមទាំង ប្រទេសនីហ្សេរីយ៉ា ក្នុងឆ្នាំនេះ បានកើន ឡើងដល់ ២,២៤០ ករណី ក្នុងនោះមានចំនួនអ្នកស្លាប់រហូតដល់ ១,២២៩ នាក់។
អង្គការសុខភាពពិភពលោក កំពុងសហការជាមួយកម្មវិធីចំណីអាហារពិភពលោករបស់ អង្គការសហប្រជាជាតិ ដើម្បីធានាការដឹកជញ្ជូនចំណីអាហារ ទៅកាន់ប្រជាជន១លាននាក់ ដែលកំពុងរស់នៅតំបន់ ដាច់ដោយឡែកពីគេ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និង សេរ៉ាលីអន។
WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយថា៖ ចំណីអាហារទាំងនោះ ត្រូវបាន បញ្ជូនទៅដល់អ្នកជំងឺ ដែលស្នាក់នៅមន្ទីរពេទ្យ និង ប្រជាជនដែលរស់នៅតំបន់ ដាច់ដោយឡែកពីគេ ដែលមិនអាចចាកចេញពីផ្ទះទៅទិញអាហារបាន។ ការផ្គត់ផ្គង់ ចំណីអាហារទៀងទាត់ពេលវេលា គឺជា មធ្យោបាយមួយដ៏សំខាន់ក្នុងការទប់ស្កាត់ ភាពចលាចលផ្សេងៗបាន។
ខណៈដែលនីហ្សេរីយ៉ាជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងទ្វីបអាហ្រ្វិច និង ជាប់ចំណាត់ថ្នាក់លេខ១ខាងផលិតប្រេង វាហាក់ដូចជារងឥទ្ធិពលជំងឺ Ebola តិចតួចជាង ប្រទេសលីបេរីយ៉ា និង សេរ៉ាលីអន ដែលកំពុងខំប្រឹងយ៉ាងស្វិតស្វាញ ដើម្បីបញ្ឈប់ ការរាតត្បាតនៃមេរោគដ៏សាហាវនេះ។
កាលពីថ្ងៃសុក្រអាទិត្យមុន ប្រទេសលីបេរីយ៉ា សេរ៉ាលីអន ព្រមទាំងពេទ្យសប្បុរសធម៌ បានស្តីបន្ទោស អង្គការសុខភាពពិភពលោក ដែលបានឆ្លើយតបយឺតយ៉ាវក្នុងការ ចាត់វិធានការបន្ថែម ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយជំងឺ និងភាពអត់ឃ្លាន។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news