ការបង្កើតទូរទឹកកកឡើង គឺជាការផ្លាស់ប្ដូរ Game ក្នុងសមត្ថភាពរបស់យើងដើម្បីរក្សាអាហារបានយូរ។ វាអាចការពារអាហារជាច្រើនប្រភេទពីការកពូននូវប្រភេទបាក់តេរី ដែលបណ្ដលឱ្យកើតជំងឺ ព្រមទាំងជួយសន្សំប្រាក់កាសក្នុងការទិញអាហារទៀតនៅពេលវាខូច ពីព្រោះយើងអាចទទួលទានវាបានទាំងអស់។ មនុស្សយើងភាគច្រើនប្រើប្រាស់ទូរទឹកកក ដោយមានការយល់ដឹងបន្ដិចបន្ដួចពីប្រភេទ នៃអាហារ ដែលយើងគួរដាក់ក្លាហ្សេនៅក្នុងវា ហើយប្រភេទអាហារណា ដែលយើងមិនគួរដាក់ក្លាហ្សេ។ ជាញឹកញាប់យើង តែងដាក់ក្លាហ្សេអាហារ ដែលយើងអាចរក្សាទុកវានៅលើធ្នើរ ឬកន្លែងរក្សាទុកអាហារ។ ការដាក់ក្លាហ្សេអាហារ នៅក្នុងទូរទឹកកកអាចបំផ្លាញសោភ័ណភាព និងរសជាតិរបស់វា។ ខាងក្រោមនេះ Cam News សូមណែនាំលោកអ្នក នូវអាហារ ៣ប្រភេទ ដែលអ្នកមិនគួរដាក់ក្លាហ្សេនៅក្នុងទូរទឹកកក៖
១. ឪឡឹកទាំងមូល៖ ផ្លែឪឡឹកទាំងមូលមិនគួរត្រូវបានដាក់ក្លាហ្សេនៅក្នុងទូរទឹកកកនោះទេ។ នៅក្នុងការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០០៦ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីនាយកដ្ឋានកសិកម្មអាមេរិកបានរកឃើញថា នៅពេលដាក់រក្សាទុកនៅក្នុងសីតុណ្ហភាពធម្មតា ឪឡឹកអាចរក្សានូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម(សារធាតុ Lycopene និងសារធាតុ បេតាការ៉ូទីន)បានច្រើនជាងក្លាហ្សេនៅក្នុងទូរទឹកកក។ ជាក់ស្ដែងការសិក្សាស្រាជ្រាវបានរកឃើញថា បើធៀបទៅនឹងផ្លែឈើ ដែលទើបនឹងបេះថ្មីៗ ផ្លែឪឡឹក ដែលរក្សាទុកនៅក្នុងបន្ទប់មានសីតុណ្ហភាពធម្មតា មានផ្ទុកនូវសារធាតុ Lycopene ច្រើនរហូតដល់ ៤០% និងសារធាតុបេតាការ៉ូទីន ១៣៩%។ ដូច្នេះជំនួសឱ្យការក្លាហ្សេឪឡឹកទាំងមូលនៅក្នុងទូរទឹកកក សូមរក្សាទុកវានៅលើធ្នើរក្នុងកម្រិតសីតុណ្ហភាពធម្មតា។ ប៉ុន្ដែទោះជាយ៉ាងណា ប្រសិនបើអ្នកកាត់ឪឡឹកជាដុំៗ អ្នកអាចគ្របវា ហើយរក្សាទុកនៅក្នុងទូរទឹកកក។
២. ប៉េងប៉ោះ៖ ប៉េងប៉ោះគឺងាយនឹងទ្រោមពីធម្មជាតិ ហើយបាត់បង់នូវរសជាតិ និងសោភ័ណភាព នៅពេលដាក់ក្លាហ្សេនៅក្នុងទូរទឹកកក។ សីតុណ្ហភាពត្រជាក់ អាចបំផ្លាញនូវភ្នាសត្រង់ផ្នែកកៀនៗនៃផ្លែឈើ ដែលធ្វើឱ្យវាបាត់បង់នូវរសជាតិ និងប្រែទៅជាទន់ជ្រាយ។ ម្យ៉ាងទៀតខ្យល់ត្រជាក់ នៃទូរទឹកកកបញ្ឈប់នូវដំណើរការទុំនៃផ្លែឈើ។ កន្លែងមួយដ៏ប្រសើរបំផុត ដើម្បីរក្សាទុកផ្លែប៉េងប៉ោះមិនទាន់ទុំគឺនៅលើធ្នើរក្នុងកម្រិតសីតុណ្ហភាពធម្មតា។ ដើម្បីឱ្យប៉េងប៉ោះទុំលឿន សូមដាក់វានៅក្នុងថង់ក្រដាស ដោយផ្កាប់ទងចុះក្រោម។ អ្នកត្រូវដឹងថា ប៉េងប៉ោះទុំគឺអាចទិញយកមកពិសាបានត្រឹមរយៈពេល ពីរ ឬបីថ្ងៃប៉ុណ្ណោះ ដូច្នេះសូមទិញត្រឹមបរិមាណ ដែលអ្នកត្រូវពិសាសម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះបានហើយ។ ចំពោះផ្លែប៉េងប៉ោះទុំនេះត្រូវរក្សាទុកនៅក្នុងបន្ទប់មានសីតុណ្ហភាពធម្មតាដោយដាក់ទងបញ្ឈរឡើងលើឱ្យឆ្ងាយពីពន្លឺព្រះអាទិត្យ។ ប៉ុន្ដែប្រសិនបើអ្នកមានប៉េងប៉ោះទុំជោរ សូមដាក់វាក្លាហ្សេនៅក្នុងទូរទឹកកករយៈពេល ពីរ ទៅបីថ្ងៃ មុនពេលដែលវាខូចទាំងស្រុង។
៣. ដំឡូងបារាំង៖ ការរក្សាទុកដំឡូងបារាំងនៅក្នុងទូរទឹកកក នឹងធ្វើឱ្យផ្អែម និងគគ្រើមខុសពីធម្មតា។ សីតុណ្ហភាពត្រជាក់នឹងបំបែកចោលនូវជាតិម្សៅនៅក្នុងដំឡូង ជាហេតុបង្កើននូវបរិមាណជាតិស្ករ។ ប្រការនេះដឹកនាំទៅរកការកើនឡើងកម្រិតខ្ពស់នៃសារធាតុគីមីម្យ៉ាងឈ្មោះថា Acrylamide នៅពេលអ្នកចម្អិនវានៅក្នុងសីតុណ្ហភាពក្ដៅខ្លាំង។ សារធាតុ Acrylamide អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក និងបង្កើនគ្រោះថ្នាក់នៃជំងឺមហារីក។ នៅពេលរក្សាទុកវានៅកន្លែងក្ដៅ ហើយសើម ដំឡូងបារាំងនឹងចាប់ផ្ដើមដុះពន្លក និងរលួយខូច។ ដំឡូងបារាំងនៅល្អធម្មតា អាចរក្សាទុកឱ្យនៅមានគុណភាពល្អជាច្រើនខែ នៅពេលរក្សាទុកនៅកន្លែងងឹត និងត្រជាក់ដូចជា កន្លែងរក្សាទុកអាហារជាដើម។ ប្រសិនបើដំឡូងបារាំងសើម សូមដាក់វាសម្ងួតនៅលើធ្នើរមុនពេលយកវាទៅរក្សាទុក។ សូមចៀសវាង ការរក្សាទុកដំឡូងបារាំងនៅក្នុងថង់ផ្លាស្ទីក ពីព្រោះការខ្វះនូវខ្យល់ចេញចូលបណ្ដាលឱ្យវាចាប់ផ្ដើមខូចឆាប់រហ័ស។ អ្នកអាចរក្សាវាទុកនៅក្នុងថង់ក្រដាស ដែលអនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ top10homeremedies