CamNews

តារា 

BKA ប្រកាស Freshie ជាប់លេខ ១ ជាជនជនសង្ស័យ លួចរថយន្តទំនើប មិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ

(ភ្នំពេញ)៖ បន្ទាប់ពីសមត្ថកិច្ច បានស្រាវជ្រាវចាប់បានជនសង្ស័យលួចរថយន្តមួយគ្រឿង កាលពីពេលថ្មីៗនេះ និងត្រូវបានគេដឹងថា ជាអតីត Freshy girl &boy ជំនាន់ទី១១ ឆ្នាំ២០១២ រួចមក ក្រុមហ៊ុន BKA Entertainment ដែលជាអ្នករៀបចំប្រកួតប្រជែង ប្រឡងជារៀងរាល់ឆ្នាំ បានចេញសេចក្ដីប្រកាសជាសាធារណៈថា បេក្ខជនឈ្មោះ ហេង ថៃ ឬ ហេង សំណាង លែងស្ថិតនៅក្នុងការគ្រប់គ្រង របស់ក្រុមហ៊ុនទៀតឡើយ ព្រោះបេក្ខជនជាប់ជ័យលាភីរូបនេះ បានបំពេញកិច្ចសន្យា តែ១ឆ្នាំប៉ុណ្ណោះ ជាមួយក្រុមហ៊ុន ។

ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា ពេលបញ្ចប់កិច្ចសន្យា១ឆ្នាំ បុគ្គលរូបនេះ មិនបានបន្ត ឬគោរពតាមលក្ខខណ្ឌជាតារាសម្ដែង ក្នុងក្រុមហ៊ុនទៀតឡើយ ។ នេះបញ្ជាក់ថា ពុំមានឈ្មោះ ហេង សំណាង ឬហេង ថៃ ស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រុមហ៊ុន BKA Entertainment ឬទទួលសិទ្ធិជា Freshy លេខ១ ជំនាន់ទី១១ នោះទៀតឡើយ ។

សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ចោរលួចរថយន្ត Range Rover​ ម្នាក់ នៅខាងក្រោយកាស៊ីណូណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ហាងម៉ាស្សាឡាក់គី សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

មន្រ្តីអាវុធហត្ថ ខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ថា ជនសង្ស័យឈ្មោះ ហេង ថៃ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៨ ខណ្ឌ៧មករា ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃ១៧ធ្នូ ឆ្នាំ២០១៥។ ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតរថយន្ត០១គ្រឿងម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AD-2622 របស់ជនរងគ្រោះ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Heng somnang Star news local news Freshie