(ភ្នំពេញ)៖ តារាសម្តែងនិយមស្លៀកពាក់ បញ្ចេញភាពសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ រហូតមកដល់ពេលនេះ ពុំត្រូវបាននរណាម្នាក់បានដឹងច្បាស់ នៅឡើយទេថា នាងមានសម្ព័ន្ធភាពទំនាក់ទំនង ស្នេហាជា មួយបុរសណាម្នាក់នោះ បើទោះបីជាកកន្លងមក ធ្លាប់លេចឮមានព័ត៌មាន ជាបន្ទាប់បន្ទាប់ថា នាងធ្លាប់បានសាងសម្ព័ន្ធភាពស្នេហា ក្រៅឆាកមានទាំងបុរស រស់នៅក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែជារឿយៗ នាងតែងចេញមុខបដិសេធន៍ ច្រានចោលព័ត៌មានទាំងនេះភ្លាមៗថា ពុំមែនជាការពិតនោះទេ។
ជាការកត់សម្គាល់ បើទោះបីជា មានការចេញមុខស្រាយបំភ្លឺ ដោយផ្ទាល់មាត់ពីតារាសម្តែង វ៉ាន់ វល័ក្ខ ជុំវិញការបែកធ្លាយរឿង មានទំនាក់ទំនងស្នេហា ក្រៅឆាកជាបន្តបន្ទាប់យ៉ាងណាក្តី តែរឿងរ៉ាវអាស្រូវស្នេហា នៅតែជាមន្ទិលសង្ស័យ អន្ទោលតាមប្រាណតាមលងបន្លាចនាងដដែលៗ ជាក់ស្ដែងដូចជាថ្មីៗនេះ មានការបែកធ្លាយថា វល័ក្ខ មានបុរសវ័យស្របាលគ្នាម្នាក់ តាមស្រឡាញ់ និងធ្លាប់ឧបត្ថម្ភ ដល់ការរស់នៅក្រោយខ្នង។
បើតាមប្រភព បានបញ្ជាក់ថា វល័ក្ខ កន្លងមកធ្លាប់ត្រូវបាន បុរសម្នាក់នេះផ្គត់ផ្គង់ផ្តល់លុយខ្លះ ដើម្បីបង្គ្រប់ទិញរថយន្ត និងរបស់របរសម្ភារៈប្រើប្រាស់ផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែជាការឆ្លើយតបត្រូវបាន នាងឆ្លើយបដិសេធន៍ និងបញ្ជាក់ថា ជារឿងមិនពិត។
យ៉ាងណាមិញ មុននេះបន្តិច វ៉ាន់ វល័ក្ខ បានបង្ហោះរូបភាពសារសោកសៅ ភ្ជាប់ជាមួយកំប៉ុងស្រាបៀរ ហាក់ចង់បង្ហាញប្រាប់ពីភាពរស់នៅឯកា របស់ខ្លួនដល់មិត្តភក្តិក្នុងហ្វេសប៊ុកថា «មានអីអាចឲ្យខ្ញុំគេងលក់បាន គឺមានតែប៉ុនហ្នឹង!»។ ក្នុងអត្ថន័យនេះ បានបង្ហាញប្រាប់ពីអារម្មណ៍ពិត របស់តារាសម្តែងស្រីមានដើមកំណើត ពីខេត្តកំពង់ធំ កញ្ញា វណ្ណ វល័ក្ខ ហាក់កំពុងតែមានវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន ដោយសារគ្មានអ្នកយល់ចិត្ត និងអ្នករស់នៅក្បែរ ដើម្បីជួយលើកកំលាំងចិត្ត។
ជុំវិញការសរសេរសារមួយឃ្លាខ្លីខាងលើ រួចយកទៅបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកនេះ គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី១៧ ខែមិថុនា បានព្យាយាមទំនងទំនង តាមទូរស័ទ្ទ ដើម្បីសុំការបំភ្លឺ ពីសំណាក់តារាស្រីកញ្ញា វណ្ណ វល័ក្ខ ដែរ ប៉ុន្តែមិនទាន់ទាក់ទងបានទេ។ ដូច្នេះសង្ឃឹម នាងនឹងចេញមកបកស្រាយ ប្រាប់ពីការពិតឲ្យមហាជនបានដឹង នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង