(ភ្នំពេញ)៖ កញ្ញា វណ្ណ វល័ក្ខ ដែលកន្លងមកធ្លាប់តែ ពើបប្រទះនឹងរឿងរ៉ាវអាស្រូវស្នេហា និងចូលចិត្តតុបតែងខ្លួនសិចស៊ី បែបនារីសម័យថ្មីៗ ពេលនេះនាងបានងាកមកផ្តើម ធ្វើការងារមនុស្សធម៌ ក្រោយពីជោគជ័យបណ្តើរៗ លើអាជីពជាអ្នកសម្តែងសិល្បៈ និងក្រសោបបានប្រជាប្រិយភាព សម្រាប់ទីផ្សាសិល្បៈ ក្នុងស្រុកច្រើននាពេលបច្ចុប្បន្ន។
រូបថតជាច្រើនសន្លឹក ដែលត្រូវបានកញ្ញា វណ្ណ វល័ក្ខ យកមកបង្ហោះ ចែករំលែកជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន គឺភាគច្រើនសុទ្ធសឹងបង្ហាញពីសកម្មភាព នៅពេលដែលនាង និងមិត្តភក្តិបាននាំយកសម្ភារៈខ្លះៗ ទៅចែកជូនដល់កុមារ និង ប្រជាពលរដ្ឋតាមសហគមន៍ ដោយមានទាំងការចែកសៀភៅ ប៊ិច និងថវិកាមួយចំនួន ។
តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌ បែបនេះរបស់ កញ្ញា វណ្ណ វល័ក្ខ គឺជាលើកទី១ហើយ បន្ទាប់ពីនាងបានចូលប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំ មកនេះ ។ យ៉ាងណាមិញ ក្រោយពីនាងបានទទួលផ្លែផ្កា ពីអាជីពមួយនេះ កញ្ញា វណ្ណ វល័ក្ច ក៏បានងាកមកធ្វើសកម្មភាព មនុស្សធម៌ ដោយការងារមនុស្សធម៌ ដំបូងរបស់នាង គឺការចែករំលែកក្តីស្រឡាញ់ ឲ្យកុមារតាមរយៈការផ្តល់សម្ភារៈសិក្សា សៀវភៅ ប៊ិច សម្លៀកបំពាក់ និងនំចំណីខ្លះៗទៀត។ ទស្សនិកជនសង្ឃឹមថា ថ្ងៃខាងមុខ តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ នឹងបន្តសកម្មភាពបែបនេះ ដើម្បីរួមចំណែកជួយសង្គមឲ្យកាន់តែច្រើន។
ថ្លែងប្រាប់ Khmertalking ឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះ តារាស្រីរូបស្រស់កញ្ញា វណ្ណ វល័ក្ខ បាននិយាយថា «នេះជាលើកទី១សម្រាប់ខ្ញុំដែលបានចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ហើយពេលខ្ញុំធ្វើដំណើរ ទៅដល់ទីនោះភ្លាម មានអារម្មណ៍ថា រំភើបចិត្តខ្លាំង ពេលដែលបានឃើញការជួបជុំ របស់ពួកគាត់។ ពិសេសគឺរន្ធត់ស្ទើរតែទប់ទឹកភ្នែក មិនជាប់ពេលឃើញកុមារៗ មានជីវភាពក្រក្សត់ ខ្វះខាតជួបការលំបាកនោះ..»។
ស្រីស្រស់វណ្ណ វល័ក្ខ បានបន្តតៀតថា «ខ្ញុំនឹងបន្តចូលរួមធ្វើសកម្មភាពនេះ នៅពេលខាងមុខទៀត ហើយដោយសារតែកន្លងមក ខ្ញុំវល់ការងារសិល្បៈ និងមុខរបររកស៊ីផ្ទាល់ខ្លួន ទើបគ្មានពេលធ្វើសកម្មភាព មនុស្សធម៌ ដូចនេះហើយ បើមានឱកាសក្រោយៗទៀត ខ្ញុំនឹងឆ្លៀតឱកាស ដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ តាមរយៈសកម្មភាពមនុស្សធម៌ ជួយដល់ពួកគាត់»។
តារាសម្ដែង វណ្ណ វល័ក្ខ ត្រូវបានមហាជនស្គាល់ទូទៅ តាមរយៈការហ៊ានបញ្ចេញភាពសិចស៊ីខ្លាំង លេចលើលេចក្រោម បង្ហាញសាច់សខ្ចី ទោះបីជាមានការរិះគន់ខ្លះ និងសរសើរខ្លះ ក្ដីប៉ុន្តែធ្វើឲ្យនាងការតែទទួលបានការចាប់អារម្មណ៍។ ជាមួយគ្នានេះ ការងារសិល្បៈ ក៏មានសកម្មភាពមមាញឹក គួរឲ្យកត់សម្គាល់ផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី