(ភ្នំពេញ)៖ តារាសម្តែងជើងថ្មី និយមបញ្ចេញដើមទ្រូងបង្អួតគេឯង កញ្ញា វណ្ណ វល័ក្ខ ថ្មីៗនេះ ត្រូវបានភពទម្លាយថា នាងបានចំណាយលុយ ខ្ទង់រាប់ពាន់ដុល្លារ ដើម្បីចេញទៅប្រទេសថៃ ធ្វើការវះកាត់ពង្រីកកែសម្រស់ ដើមទ្រូងឲ្យមូលក្បំស្រស់ស្អាត ខុសប្លែកពីធម្មជាតិ ក្នុងន័យបង្កើនការចាប់អារម្មណ៍ និងការគាំទ្រ ពីសំណាក់មហាជន ឆ្ពោះទៅកាន់ភាពល្បីល្បាញ ដូចតារាដទៃ។
ជាការកត់សម្គាល់ កញ្ញា វណ្ណ វល័ក្ខ បន្ទាប់ពីមានឈ្មោះល្បីគួរសម ក្នុងទីផ្សារសិល្បៈមកនោះ នាងក៏ហាក់មានភាពខុសប្លែក សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ទាំងភាពហ៊ឺហា និងការលេងខ្លួនស្លៀកពាក់បែបសិចស៊ី បញ្ចេញដើមទ្រូង គល់ភ្លៅ រួមនឹងរន្ធផ្ចិតជាដើម។ មិនតែប៉ុន្តែថ្មីៗនេះ នាងក៏ធ្វើឲ្យមានការរំជើបរំជួល អារម្មណ៍អ្នកគាំទ្រ និង ក្រុមបុរសមានទ្រព្យផងដែរ ខណៈតារាស្រីរូបនេះ បានបញ្ចេញបង្ហោះរូបថតស្លៀកពាក់ខើចលើខើចក្រោម ជាបន្តបន្ទាប់នៅក្នុងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន។
ប្រភពពីរង្វង់អ្នកសិល្បៈ បាននាំគ្នានិយាយខ្សឹបខ្សៀវ អំពីការបង្អួតសម្រស់ដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ ស្របពេលលេចឮដំណឹងថា តារាស្រីវ័យក្មេងរូបនេះ បានចំណាយលុយមិនក្រោមខ្ទង់រាប់ពាន់ដុល្លារនោះទេ ក្នុងការវះកាត់ពង្រីកដើមទ្រូង ឲ្យមូលក្បំ ដើម្បីជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញយកការចាប់អារម្មណ៍ ពីសំណាក់មហាជនអ្នកគាំទ្របន្ថែមទៀត ។
ប្រភពដដែលបានបង្ហើបថា កន្លងមកនេះតារាសម្តែង វណ្ណ វល័ក្ខ ធ្លាប់ត្រូវបានបុរសជាសង្សារ រស់នៅក្នុងស្រុកម្នាក់ បាននាំនាងទៅកម្សាន្តនៅប្រទេសថៃ និងបាន ឧបត្ថម្ភប្រាក់ ឲ្យនាងកែសម្រស់បន្ថែមលើកសម្រស់ធម្មជាតិ ពិសេសដើមទ្រូងដែលមិនសូវសម្បូរសាច់នោះ ឲ្យឡើងមូលក្បំ ដោយការជ្រើសយកវិធីសាស្រ្តវះកាត់ ធ្វើឲ្យដើមទ្រូងនាងពេលនេះ មើលទៅគួរឲ្យគ្រឺតក្នាញ់ ជាងពេលមុនៗទៅទៀត។ ដោយឡែកសម្រាប់លុយ ដែលត្រូវចំណាយមានរហូតខ្ទង់២ ឬ៣ពាន់ដុល្លារឯណោះ។
ជួបជាមួយ Khmertalking តាមទូរស័ព្ទ តារាសម្តែងស្រី វណ្ណ វល័ក្ខ បាននិយាយទទួលស្គាល់ការពិតថា នាងបានចំណាយលុយប្រមាណជិត៤ពាន់ដុល្លារ ដើម្បីចេញទៅធ្វើការវះកាត់កែដើមទ្រូង នៅថៃពិតមែន។ ប៉ុន្តែលុយដែលត្រូវចំណាយទាំងនេះ ពុំមែនជាលុយបានមកពីការឧបត្ថម្ភ របស់បុរសណាម្នាក់ឡើយ វាជាលុយផ្ទាល់ខ្លួន ដែលនាងសន្សំបានពីការងារសិល្បៈ។
កញ្ញា វណ្ណ វល័ក្ខ បាននិយាយបន្ថែមថា បើគិតរហូតមកទល់ពេលនេះ មានរយៈពេលជាង១ ខែមកហើយ ដែលនាងវះកាត់កែសម្រស់ ដើមទ្រូងនៅថៃ។ ម្យ៉ាងទៀត ការវះកាត់កែដើមទ្រូងពីធម្មតាជាតិនេះ ក៏នាងគ្មានបំណងចង់លាក់បាំង មហាជននោះដែរ គឺរាល់ការសួរនាំទាំងប៉ុន្មាន នាងតែងនិយាយប្រាប់ឲ្យគេបានដឹង ដោយត្រង់ៗមិនថា ជាអ្នកសារព័ត៌មាន ឬមិត្តភក្តិរួមអាជីព និងទស្សនិកជននោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី