CamNews

ជីវិតរស់នៅ 

បើមិនចង់ខូចស្បែកមុខ ត្រូវជៀសវាងទម្លាប់ទាំងនេះ !!

យើងទាំងអស់គ្នា អាចនឹងផ្ដេកផ្ដួលទៅក្នុងការប្រព្រឹត្ដមិនល្អនូវរឿងអ្វីមួយម្ដងម្កាល។ ប៉ុន្ដែនៅពេល និយាយដល់ទម្លាប់តុបតែងមុខ វាមានចំណុចមួយចំនួន ដែលអ្នកអាចនឹងធ្វើ ដែលអ្នកមិនសូម្បីទាំងដឹងថា ទម្លាប់ទាំងអស់នោះអាចបង្កផលវិបាកដល់ស្បែករបស់អ្នក។ ខាងក្រោមនេះគឺជាទម្លាប់តុបតែងមុខទូទៅមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ជាចំបងដល់ស្បែក និងសុខភាពរបស់អ្នក៖



១. ប្រើប្រាស់ផលិតផល Makeup ហួសដឺឡេ៖ លោកស្រី Bank បានមានប្រសាសន៍ថា “កាលបរិច្ឆេទនៅលើផលផល គឺត្រូវបានគេដាក់ដោយមានហេតុផលមួយ ប៉ុន្ដែមនុស្សភាគច្រើនមិនព្រមបោះចោលនូវផលិតផលហួសកាលបរិច្ឆេទនោះទេ ក៏សូម្បីតែជាពេល ដែលគាត់គួរបោះចោល”។ អ្នកប្រាកដជាបោះចោលទឹកដោះគោសល់ ដែលបាត់បង់រសជាតិដើម ហេតុដូច្នេះ អ្នកក៏គួរតែបោះចោលម៉ាស្ការ៉ា ឬក្រែមលាបបបូរមាត់ ឬក៏ផលិតផលអ្វីណាមួយ ដែលអ្នកមានយូរមកហើយ និងហួសដឺឡេ។ បើមិនដូច្នោះ អ្នកនឹងប្រឈមនឹងគ្រោះថ្នាក់នៃការរលាកដូចជា ភ្នែកក្រហម ឬអាការៈរលាកស្បែកអត់អំពើ ប្រសិនបើអ្នកនៅបន្ដប្រើប្រាស់ផលិតផល ដែលហួសដឺឡេទាំងនេះ។

ផលិតផលភាគច្រើន តែងតែមានសញ្ញាបញ្ជាក់នៅលើវា ដែលនឹងប្រាប់អ្នកថា រយៈពេលប៉ុណ្ណា ដែលវាអាចនៅមានគុណភាពល្អសម្រាប់ការប្រើប្រាស់ នៅពេលដែលអ្នកបើកប្រអប់របស់វា។ ជាទូទៅ ខ្មៅដៃគូរភ្នែក និងម៉ាស្ការ៉ា ត្រូវបានកំណត់កាលបរិច្ឆេទប្រើប្រាស់ខ្លីណាស់ ហើយបើយោងតាមលោកស្រី Rebecca Taylor វេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុរោគ និងជាអ្នកនាំពាក្យនៃបណ្ឌិតសភាចក្ខុរោគសាស្រ្ដអាមេរិក ណែនាំឱ្យអ្នកបោះចោលផលិតផលខាងលើនេះ ក្រោយពេលប្រើវាបានរយៈពេល ៣ខែ។



២. គេងទាំងគ្រឿង Makeup នៅជាប់នឹងមុខ៖ នៅក្នុងករណីមួយ អ្នកប្រាកដជាមានអារម្មណ៍ថា ហឿយហត់អស់កម្លាំង ក្នុងការលាងជម្រះគ្រឿង Makeup ចេញពីមុខរបស់អ្នក។ ពេលដែលអ្នកបន្សល់គ្រឿង Makeup ទាំងអស់ដូច្នេះ អ្នកប្រហែលជាអាចងើបពីគេងព្រមជាមួយនឹងបញ្ហាធំ នៅពេលព្រឹក ពីព្រោះជាធម្មតា ការគេងទាំងគ្រឿងតែងមុខគ្រប់យ៉ាងនៅលើមុខដូច្នេះ អាចបង្កគ្រោះថ្នាក់ទាំងស្បែក និងភ្នែករបស់អ្នក។ លោកស្រី Bank មានប្រសាសន៍ថា “ការគេងទាំងគ្រឿង Makeup ជាប់ផ្ទៃមុខអាចនាំទៅរកការស្ទះរន្ធញើស ប៉ុន្ដែវាក៏អាចបណ្ដាលឱ្យរលាកភ្នែកផងដែរ។ នៅពេលអ្នកគេងប្រែប្រួល និងត្រលប់ក្បាលរបស់អ្នកចុះឡើងពេញមួយយប់ កម្ទេកកម្ទី Makeup អាចប៉ើង ឬហូរចូលភ្នែករបស់អ្នក”។ គ្រឿង Makeup ភ្នែកមានផ្ទុកនូវជាតិប្រេង និងក្រមួន ហើយស្របពេលដែលផលិតផលទាំងនេះនៅជាប់នឹងភ្នែកពេញមួយយប់ទៀតនោះ សមាសធាតុទាំងនេះអាចធ្វើឱ្យស្ទះក្រពេញនានា ជាលទ្ធផលបណ្ដាលឱ្យប៉ះពាល់ស្បែកនៅជិតភ្នែក។



៣. តរោមភ្នែក៖ លោកស្រី Taylor បានមានប្រសាសន៍ថា “កាវសម្រាប់បិទតរោមភ្នែកមួយចំនួនមានផ្ទុកនូវសារធាតុ Formaldehyde ដែលអាចធ្វើឱ្យរលាកភ្នែករបស់អ្នក។ ប្រសិនបើលាបកាវនោះមិនបានល្អទេ រោមភ្នែកតនោះអាចបណ្ដាលឱ្យរោមភ្នែកធម្មជាតិរបស់អ្នកប្រែជាបែកចុង និងដាច់ធ្លាក់”។ ដូច្នេះ ការតរោមភ្នែកអាចនឹងមានសុវត្ថិភាពទៅបាន លុះត្រាតែអ្នកអនុវត្ដនូវវិធានការសុវត្ថិភាពដ៏សមស្របមួយ។ លោកស្រី Taylor ណែនាំមិនឱ្យអ្នកប្រើការតរោមភ្នែកច្រើនដងពេកនោះទេ ពីព្រោះវាអាចបណ្ដាលឱ្យជ្រុះរោមភ្នែក។





៤.  ប្រើ Eyeliner គូរទៅលើគែមភ្នែករបស់អ្នក៖ លោកស្រី Taylor បានពន្យល់ថា “ភ្នែករបស់អ្នកមាននូវបណ្ដុំបាក់តេរីធម្មជាតិរួចទៅហើយ ហើយដោយការប្រើខ្មៅដៃ Eyeliner អ្នកអាចនាំយកនូវបាក់តេរីមិនល្អពីខាងក្រៅឱ្យចូលទៅបរិវេណនោះ។ ដូច្នេះដើម្បីចៀសវាង​នូវការរលាក និងការស្ទះក្រពេញខ្លាញ់ សូមកុំប្រើ Eyeliner ទៅគូរត្រង់គែមភ្នែកខាងក្នុងរបស់អ្នក៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព: onlymyhealth