ព័ត៌មានអន្តរជាតិ ៖ លោក Datuk Seri Hishamuddin Hussein រដ្ឋមន្រ្តី ក្រសួងសាធារណការណ៍ អោយដឹងថា ចំពោះព័ត៌មានដែលថា យន្តហោះ ម៉ាឡេស៊ី MH370 ហោះក្នុងរយៈកំពស់ទាប នៅពី លើកោះ ប្រទេស ម៉ាល់ឌីវ គឺជារឿងមិនពិតនោះទេ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយពី គេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ក្នុងសណ្ឋាគារ Sama-Sama លោក Hussein គូសបញ្ជាក់បន្ថែម អោយដឹងថា ការអះអាងខាងលើ អាចធ្វើទៅបាន ក្រោយពីកិច្ចសហប្រតិបត្តិការ ផ្តោះផ្តួរព័ត៌មាន អោយគ្នា រវាងកងកម្លាំងរដ្ឋាភិបាល ថ្នាក់កំពូល រវាង ប្រទេសទាំងពីរ។ លើសពីនេះ លោកHussein បញ្ជាក់អោយដឹងថា ក្រោយពីបានធ្វើកិច្ចសហប្រតិបត្តិការ រវាងក្រុមការងារ ពីសំណាក់ ប្រធានកង កម្លាំងការពារជាតិ ប្រទេសម៉ាល់ឌីវ រដ្ឋាភិបាលប្រទេសនេះ បានមានប្រតិកម្ម អោយដឹងថាព័ត៌មាន ដែលបានបញ្ជាក់កាលពីពេលមុននោះ មិនពិតនោះទេ ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ បើតាមរបាយការណ៍ មានពាក្យចចាមអារ៉ាមមួយបាន និយាយតៗគ្នាអោយដឹងថា ប្រជាជន ប្រទេស ម៉ាល់ឌីវ បានអះអាងថា ពួកគេបានឃើញយន្តហោះ មួយគ្រឿង ហោះក្នុងរយៈកំពស់ទាប នៅចំពីលើ ប្រទេសនេះ សង្ស័យថា ជាយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន ពោលបានឃើញ នៅចំថ្ងៃ និង ពេលវេលា ដែលយន្តហោះ ម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ៨ មីនា កន្លងទៅនេះ ។
គួររំឭកថា យន្តហោះ ម៉ាឡេស៊ី MH370 បានបាត់ខ្លួន ពីប្រព័ន្ធរ៉ាដា នាវេលាម៉ោង ២ និង ១៥ នាទី ទាបភ្លឺ ថ្ងៃ ៨ មីនា កន្លងទៅនេះ ក្នុងប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើរ របស់ខ្លួន ឆ្ពោះទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន ចេញពី ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន