CamNews

ប្លែកៗ 

សុនកត្រូវបានដង្ហែដូចស្ដេច ក្នុងពិធីបុណ្យមួយ នៅប្រទេសចិន

ពិធីបុណ្យដង្ហែសុនកបួងសួងសុំទឹកភ្លៀងគឺជាទំនៀមទម្លាប់មួយដែលត្រូវបានគេធ្វើឡើងក្នុងខែ
ទី៧នៃចន្ទគតិ របស់ជនជាតិមៀវ (Miao) ដែលរស់នៅក្នុងខែត្រគួយចូវ (Guizhou) ប្រទេសចិន។

ទំព័រ QQ ឱ្យដឹងថា កាលពីថ្ងៃទី ១៤សីហា ពិធីបុណ្យដង្ហែសុនក (ឆ្កែ) ត្រូវបានធ្វើឡើងនៅក្នុងខែត្រ
គួយចូវ ប្រទេសចិន ដែលមានជនជាតិភាគតិចជាច្រើនរយនាក់ចូលរួម។

ក្នុងពិធីបុណ្យនេះ ពួកអ្នករៀបចំកម្មវិធី បានស្លៀកពាក់ខោអាវឱ្យសុនក ហើយដាក់វានៅលើគ្រែ
ស្នែងដង្ហែជុំវិញភូមិ ដើម្បីបួងសួងសុំទឹកភ្លៀង និងសុំឱ្យធ្វើស្រែ ធ្វើចំការបានផលល្អ។

ពិធីបុណ្យតែងតែត្រូវបានធ្វើឡើងក្នុងខែទី៧នៃចន្ទគតិ ជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ គេធ្វើបុណ្យក្នុងថ្ងៃ
ទី ១២ខែទី ៧នៃចន្ទគតិ ពោលគឺថ្ងៃទី ១៤សីហា។

បុណ្យដង្ហែសុនកនេះគឺជាទំនៀមទម្លាប់របស់ជនជាតិមៀវ (Miao) ដើម្បីសំដែងការដឹងគុណចំពោះ
សុនក ដោយសារវាបានជួយឱ្យពួកគេរកឃើញប្រភពទឹក។ សុនកនឹងត្រូវបានគេដង្ហែមួយជុំ ជុំវិញ
ភូមិ។

ជនជាតិមៀវ នៅខែត្រ គួយចូវ ភាគច្រើនគឺធ្វើស្រែចំការ រស់នៅតំបន់ភ្នំ ជាកន្លែងដែលមិនសូវ
សម្បូរទឹក។ នៅទីនេះ ក្នុងខែទី ៥ ទី ៦ នៃចន្ទគតិ គឺជាខែដែលក្ដៅ និងខ្វះទឹកបំផុតក្នុងឆ្នាំ។

បើតាមរឿងព្រេងចិន ទេវតារក្សាស្រែចំការ ដែលរស់នៅកាលពី ៥.០០០ឆ្នាំមុន គឺជាអ្នកដែលបាន
បង្រៀនមនុស្សឱ្យចេះធ្វើសែ្រចំការ។

បន្ទាប់ពីទេវតារក្សាស្រែចំការ បានទទួលមរណភាព មេឃក៏រាំងស្ងួត ស្រែចំការក៏ធ្វើលែងបានផល
មនុស្សធ្លាក់ទៅក្នុងសភាពអត់ឃ្លាន។ ជនជាតិមៀវ ក៏បានពឹងសុនករបស់ទេវតារក្សាស្រែចំការ
ដើម្បីស្វែងរកទេវតានេះ ក្នុងបំណងសុំទឹកភ្លៀវ។ ប៉ុន្តែ ដោយសារតែសត្វសុនកនេះចាស់ពេក ដើរ
មិនបានឆ្ងាយ ដូច្នេះ ប្រជាជនក៏នាំគ្នាយកដើមឬស្សី ធ្វើជាគ្រែស្នែង សែងសុនកនេះ ទៅគ្រប់កន្លែង
ដើម្បីស្វែងរកទេវតារក្សាស្រែចំការ។

សុនកដែលអង្គុយនៅលើគ្រែស្នែង ក៏ស្រាប់តែ “ស្រែក” ឡើង ផ្ដល់សញ្ញាថា បានរកឃើញទេវតា។
ពេលនេះ ប្រជាជន នាំគ្នាក្រាបចុះថ្វាយបង្គំ សុំទឹកភ្លៀង។ មួយសន្ទុះក្រោយមក ភ្លៀងក៏ធ្លាក់ មនុស្ស
សត្វ និងរក្ខជាតិទាំងឡាយ ក៏ត្រូវបានជួយសង្គ្រោះ។ ចាប់តាំងពីពេលនោះមក ការដង្ហែសុនកសុំទឹក
ភ្លៀងក៏បានក្លាយជាទំនៀបទម្លាប់របស់ជនជាតិមៀវ។

ប្រែសម្រួល ៖ តារា


Tags: សុនក ចិន ជនជាតិមៀវ ដង្ហែ ពិធីបុណ្យដង្ហែឆ្កែ